ភ្នំពេញៈ កាលពីវេលាម៉ោង៣និង ២០នាទីទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានករណីក្រុមចោរ ធ្វើសកម្មភាពប្លន់យកម៉ូតូ ទៅបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចនោះទេ។
ម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់នោះ ម៉ាកហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-0319។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូឌុបប្រពន្ធ ចេញពីធ្វើការនៅខារ៉ាអូខេម្តុំផ្លូវវេងស្រេង បំណងត្រឡប់ទៅផ្ទះជួលវិញ នៅភូមិជម្ពូវ័ន នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូហុងដាឌ្រីមចំនួន២គ្រឿង មានគ្នា៤នាក់ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យដួល។
ភ្លាមៗនោះ ក្រុមជនសង្ស័យ បានយកកាំបិតបុ័ងតោ មកដេញកាប់ជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះតក់ស្លុត ក៏រត់ចេញពីម៉ូតូ រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះ ជិះគេចចេញទៅបាត់។
ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវ ចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់៖ ករណីខាងលើនេះ ប្រជាពលរដក្នុងខណ្ឌពោធិ៍សែនជ័យ បានសំណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យជួយផ្សព្វផ្សាយដល់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ មេត្តាជួយជំរុញមន្ត្រីថ្នាក់ក្រោមឱវាទ ពង្រឹងល្បាតពួនស្ទាក់ ក្នុងមូលដ្ឋានជាប្រចាំផង ព្រោះពីរថ្ងៃនេះ ពេលព្រឹកប្លន់ម៉ូតូស្កុបពី ស៊េរី០២០ ពីស្រ្តីម្នាក់ទៅបាត់ យប់ទ្បើងប្លន់យកម៉ូតូឌ្រីមសង់ ស៊េរី០១៩ ពីប្ដីប្រពន្ធពីរនាក់ទៀត មិនរំខានដល់សមត្ថកិច្ចទាល់តែសោះ ធ្វើឲ្យពលរដ្ឋ មានការព្រួយបារម្ភអំពីការធ្វើដំណើរតាមដងផ្លូវ៕
មតិយោបល់