ព័ត៌មានជាតិ

ជនជាតិហូឡង់វ័យ៦៨ឆ្នាំម្នាក់គាំបេះដូងស្លាប់នៅអាហារដ្ឋានរស់ជាតិឥណ្ឌា

បាត់ដំបងៈ ជនបរទេសម្នាក់ បានស្លាប់ នាវេលាម៉ោង ១៤និង៥០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច អាហារដ្ឋានរស់ជាតិឥណ្ឌា ផ្ទះលេខ៣០១-៣០២ ក្រុមទី០៥ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ វ៉ាន់ ក្រនឹងហ្វាន់ស៊ីស្តីស គ្រីសៀណ៌ស (VAN KRUININGFRANCISCUS CRISTIANUS) ជនជាតិ ហូឡង់ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ ចូលនិវត្តន៍ មានទីលំនៅផ្ទះលេខ៥២៧ ក្រុមទី០៣ ភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង និងមានប្រពន្ធឈ្មោះ ពៅ ហ៊ុយយ៉ាង អាយុ ៤៦ឆ្នាំ មុខរបរ ធ្វើចំការ។

តាមការបំភ្លឺ របស់ឈ្មោះ សុខ ចរិយ៉ា ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិទួលៀង ឃុំអូរដំបង
ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ បុគ្គលិកអាហារដ្ឋានរស់ជាតិឥណ្ឌា បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩
នៅវេលាម៉ោង ១៤និង១០នាទី នៅពេលខ្លួនកំពុងទទួលភ្ញៀវ ស្រាប់តែមានជនបរទេសម្នាក់ អាយុប្រហែលជា ៥០ឆ្នាំ
មិនដឹងជាតិអ្វី បានឲ្យនាងខ្ញុំបានយកស្រាបៀរ ០១កែវ (ស្រាបៀរអង្គរ) បានអង្គុយផឹកនៅតុខាងមុខហាង គាត់ផឹកស្រាបៀរអស់ ០១កែវ រួចគាត់បានចុចទូរស័ព្ទ នាងបានចូលទៅហូបបាយខាងក្នុង មួយសន្ទុះក្រោយមក ក៏ឃើញជនបរទេសនោះ ដួលផ្កាប់មុខលើឥដ្ឋការ៉ូ ដោយមានឈាមហូរតាមច្រមុះ ពេលនាងខ្ញុំឃើញបែបនេះ នាងខ្ញុំបានទៅមន្ទីរពេទ្យសុវណ្ណ ហៅពេទ្យ ០២នាក់ មកពិនិត្យ ហើយពេទ្យបាននិយាយថា ជនរងគ្រោះស្លាប់ហើយ។

តាមការត្រួតពិនិត្យផ្នែកជំនាញ និងគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះ បានស្លាប់ដោយជំងឺផ្ទាល់ខ្លួន (គាំងបេះដូង និងដាច់សរសៃឈាម) ពិតប្រាកដមែន ហើយសាកសពជននរងគ្រោះ ត្រូវបានប្រគល់ឲ្យប្រពន្ធរបស់គាត់ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់