ព័ត៌មានជាតិ

ជិះម៉ូតូវិលទៅផ្ទះ ត្រូវរថយន្តជនជាតិចិន បើកបុករងរបួសបាក់ជើងឆ្វេង

ភ្នំពេញ: បុរសម្នាក់ បានរងរបួសបាក់ជើងខាងឆ្វេង ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយបុរសជនជាតិចិន បើករថយន្តឆ្លងផ្លូវ មកបុកម៉ូតូរបស់ជនរងគ្រោះ កាលពីវេលាម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ណេន ចម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រហុងវ៉ា ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានទីលំនៅភូមិក្រសាំងផ្អែម ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសបាក់ជើងឆ្វេង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកតាកុមា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-4984 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃ ក៏ជ្រុលទៅបុកម៉ូតូ សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-7572 ដែលធ្វើដំណើរពីជើងទៅត្បូង បណ្តាលឲ្យរងរបួសបាក់ជើងឆ្វេង ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូ ក្នុងគោលបំណងវិលទៅស្រុក ទើបតែធ្វើដំណើរដល់ចំណុចខាងលើ ស្រាប់តែជនជាតិចិន បើករថយន្តឆ្លងផ្លូវមកបុកតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកឯរថយន្ត និងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់