ព័ត៌មានជាតិ

Updated៖ ចោរ២ក្រុមដែលធ្វើឲ្យសមត្ថកិច្ចដេញចាប់ផ្អើលក្រុងស្វាយរៀងថ្ងៃមុន ពេលនេះត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារហើយ

ស្វាយរៀងៈ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីចោរកម្ម(លួចកាត់កម៉ូតូ) មួយកើតឡើង នៅចំណុចខាងមុខសាកលវិទ្យាល័យស្វាយរៀង តែមិនបានសម្រេច។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់សមត្ថកិច្ចនគរបាលខេត្ត និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដោយមានកិច្ចសហប្រតិបត្តិការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចេញស្ទាក់តាមគោលដៅប្រទាក់ក្រឡាក្នុងក្រុងស្វាយរៀង ដើម្បីតាមចាប់ខ្លួនមុខសញ្ញា។

ក្នុងពេលដែលសមត្ថកិច្ចកំពុងចេញប្រតិបត្តិការ ស្ទាក់តាមគោលដៅប្រទាក់ក្រឡាក៏ទទួលបានព័ត៌មានមួយទៀតថា មានករណីលួចកាច់កម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1Q-8846 នៅខាងជើងផ្សារវាលយន្ត ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មួយលើកទៀត។
ពេលប្រតិបត្តិការតាមចាប់ខ្លួន សមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់បានមុខសញ្ញាម្នាក់ឈ្មោះ វ៉ាន់ ណារិន ហៅថា ភេទប្រុស ហើយសមត្ថកិច្ចនគរបាលខេត្តចាប់បានមុខសញ្ញាម្នាក់ទៀតនាក់ឈ្មោះ កេត រ៉ា រួមជាមួយម៉ូតូមធ្យោបាយធ្វើសកម្មភាព០១គ្រឿង យកមកធ្វើការសាកសួរ។

ដោយឡែកមុខសញ្ញាដែលលួចកាច់កម៉ូតូហុងដាC125 ស៊េរីឆ្នាំ២០២០ នៅខាងជើងផ្សារវាលយន្តនោះ មុខសញ្ញាបានជិះគេចតាមផ្លូវពេទ្យអនាម័យទៅជើង ហើយសមត្ថកិច្ចក៏ដេញប្រផាប់ចាប់ប្រផីងតាមពីក្រោយ រហូតដល់ចំណុចផ្លូវកែងឃុំធ្មា ស្រុករំដួល ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្មា ស្រុករំដួល ដែលឡើងឈរជើងនៅគោលដៅប្រទាក់ក្រឡាឃាត់ខ្លួនបានមុខសញ្ញាម្នាក់ឈ្មោះ សុខ ធី ហៅ ស្រេង វ៉េង ភេទប្រុស ព្រមទាំងម៉ូតូវត្ថុតាង០១គ្រឿង រីឯមុខសញ្ញាម្នាក់ទៀត ជិះម៉ូតូបត់ក្រោយ គេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សុខ ធី ហៅ ស្រេង វ៉េង ភេទប្រុស អាយុ ៤៧ឆ្នាំ ជាតិខ្មែរមុខរបរកម្មករ មានទីលំនៅភូមិគោកតាសុខ ឃុំទៀនកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាពថា ខ្លួននិងបងថ្លៃខ្លួនម្នាក់ទៀតឈ្មោះ ឡេង ធី ដែលគេចខ្លួនបាត់នោះ ពិតជាបានលួចកាច់សោរកម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០២០ នៅចំណុចខាងជើងផ្សារវាយន្តប្រាកដមែន។
ដោយឡែកមុខសញ្ញាជនសង្ស័យពីរនាក់ទៀតគឺ ឈ្មោះ វ៉ាន់ ណារិន ហៅថា ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិច្រេស ឃុំរកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ និងឈ្មោះ កេត រ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិផ្សារក្របៅ សង្កាត់ក្របៅ ក្រុងកំចាយមារ ខេត្តព្រៃវែង ក៏បានឆ្លើយសារភាពដែរថា ពួកខ្លួនទាំងពីរនាក់បានចូលមកលួចម៉ូតូនៅក្រុងស្វាយរៀងចំនួន ០២លើកគឺ៖ លើកទីមួយ៖ បាននាំគ្នាជិះម៉ូតូដើររកលួចម៉ូតូដែលទុកប្រហែស នៅក្នុងក្រុងស្វាយរៀងបានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពុំមានស្លាកលេខមែន ។

លើកទី២៖ ចូលទៅលួចមិនទាន់បានផង ក៏មានសមត្ថកិច្ចនគរបាលខេត្ត និងកម្លាំងអន្តរាគមន៍ ចុះមកទាន់ និងដេញតាមចាប់ពួកខ្លួនបានតែម្ដង។

ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យទាំងបីរួចមក សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងបីទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់និងបាននាំយកទៅឃុំខ្លួន នៅពន្ធនាគារខេត្តស្វាយរៀងរួចហើយ៕

មតិយោបល់