ព័ត៌មានជាតិ

កង់ពីរគ្រឿងតម្លៃជិត៣ពាន់ដុល្លារ កំពុងជិះហាត់ប្រាណត្រូវម៉ូតូបុក បណ្តាលឲ្យរងខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៥និង៣៦នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង យុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលបុកក្រុមអ្នកជិះកង់ហាត់ប្រាណចំនួនពីរគ្រឿង ដែលមានតម្លៃជិត៣ពាន់ដុល្លារ ឲ្យរងការខូចខាត និងម្ចាស់រងរបួសទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើយោងតាមសេចក្តីរាយការណ៍ផ្ទាល់ពីភ្នាក់ងារសារព័ត៌មាន Post News នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមអ្នកជិះកង់ហាត់ប្រាណចំនួន០៨គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។ ខណ:ពួកគាត់កំពុងជិះកង់សុខៗ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក យ៉ៅមហាអឹមស្លាស់ ពាក់ស្លាក លេខភ្នំពេញ 1IS-9935 បើកបរដោយយុវជនម្នាក់ បានមកបុកពីក្រោយ បណ្តាលឲ្យកង់ចំនួនពីរគ្រឿង រងការខូចខាត និងម្ចាស់រងរបួសទាំងសងខាង ។

ប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា ពួកគាត់មានគ្នាចំនួន០៨នាក់ បាននាំគ្នាជិះកង់ហាត់ប្រាណ នៅតាមដងផ្លូវកើតហេតុនេះ ជាយូរឆ្នាំមកហើយ មិនដែលមានគ្រោះថ្នាក់អ្វីកើតឡើងនោះទេ ទើបតែថ្ងៃនេះពួកគាត់ជួបគ្រោះថ្នាក់ ដោយសារយុវជនខាងលើ ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន បានមកបុកពីក្រោយ បណ្តាលឲ្យកង់ចំនួនពីរគ្រឿងរងការខូចខាត និងរងរបួសបន្តិចបន្តួចផងដែរ ។ ពួកគាត់បានបញ្ជាក់ថា កង់ទាំងពីរគ្រឿងនេះ មួយគ្រឿងមានតម្លៃជាងពីរពាន់ដុល្លារ និងមួយគ្រឿង ទៀតមានតម្លៃប្រាំរយដុល្លារ ។ ចំណែកភាគីខាងម៉ូតូបង្កហេតុនោះវិញ ក៏បាននិយាយឲ្យដឹងថា ខណ:កំពុងធ្វើដំណើរ មកដល់ត្រង់ចំណុចកើតហេតុខាងលើ គាត់បានជិះម៉ូតូគេចរថយន្ត ក៏បណ្តាលឲ្យជ្រុលល្បឿនមកបុកកង់នៅខាងមុខ បណ្តាលឲ្យដួលរងរបួសផងដែរ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នាជាបឋម នៅត្រង់ចំណុចកើតហេតុ ប៉ុន្តែដោះស្រាយមិនត្រូវនោះទេ ។ បន្ទាប់មក វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះមកដល់ក៏ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកជាបណ្តោះអាស ន្ននៅប៉ុស្តិ៍សង្កាត់ជើងឯក ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ភាគី ទាំងសងខាង រងរបួសបន្តិចបន្តួចតែប៉ុណ្ណោះមិនជាធ្ងន់ធ្ងរនោះទេ ៕

មតិយោបល់