ព័ត៌មានជាតិ

ស្រ្តីម្នាក់ជិះម៉ូតូបុកប៉ះដៃគោយន្តកន្ត្រៃ បណ្ដាលឲ្យដួលមុតដែកចំដើមដោះស្លាប់ភ្លាមៗ

ឧត្ដរមានជ័យ: កាលពីថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុកគោយន្តកន្ត្រៃមុតដែក ហេតុការណ៍នេះ កើតឡើងត្រង់ចន្លោះគីឡូម៉ែត្រ៨៤-៨៥ ស្ថិតក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀរ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

អ្នកបើកគោយន្តកន្ត្រៃឈ្មោះ ស្វាត អួយ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ សង្កាត់កូនក្រៀរ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ (គ្មានរបួស)។
ជនរងគ្រោះឈ្មោះ ហ៊ាន ណៃ ភេទស្រី អាយុ ៤៧ឆ្នាំ (ស្លាប់) រស់នៅភូមិគោកគ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃ ធ្វើដំណើរតាមផ្លូវលំពីលិចបត់ទៅត្បូងលើផ្លូវជាតិលេខ៦៨ ចំណែកជនរងគ្រោះបើកបរម៉ូតូហុងដាឌ្រីម (ពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបុកប៉ះ នឹងដៃគោយន្តកន្ត្រៃខាងឆ្វេង បណ្ដាលឲ្យដួលមុតដែកចំដើមដោះខាងស្ដាំស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

មូលហេតុ៖ អ្នកគោយន្តកន្ត្រៃបើកបរមិនគោរពសិទ្ធិអាទិភាព ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានប៉ុស្តិ៍កូនក្រៀរ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់