ព័ត៌មានជាតិ

ជិះម៉ូតូគេចពីក្រុមស្ទាវដេញកាប់ជ្រុលទៅបុករថយន្ត របួស៣នាក់

ភ្នំពេញៈ យុវជនម្នាក់បានជិះម៉ូតូឌុបនារីពីរនាក់ព្យាយាមបើកគេចពីក្រុមក្មេងស្ទាវដេញកាប់យ៉ាងលឿនក៏ជ្រុលទៅបុករថយន្ដកាមរីបាឡែន បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ទាំង៣នាក់ ចំណែកជនបង្កជិះគេចខ្លួនបាត់កាលពីវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រុមជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1J-0141 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុរ៉ាម្រិត ទិសដៅពីកើតទៅលិច ពេលមកដល់ជិតរូបសំណាក់សម្ដេចតា ស្រាប់តែមានម៉ូតូហុងដា C125 មួយគ្រឿងមិនចាំស្លាកលេខ ជិះគ្នា២នាក់ មកពីក្រោយហើយដកកាំបិតបម្រុងកាប់ទៅលើពួកគេ។ ឃើញដូចនោះពួកគេក៏បានបន្ថែមល្បឿនជិះគេចខ្លួន តែពេលមកដកល់រង្វង់មូលវិមានឯករាជ្យក៏ជ្រុលទៅបុកជាមួយរថយន្ដកាមរីបាឡែន ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AC-7278 ដែលធ្វើដំណើរស្របទិសគ្នាចំពីចំហៀងរថយន្ដបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសទាំង៣នាក់ ចំណែកជនបង្កជិះម៉ូតូគេចខ្លួនបាត់តែម្តង។

ក្រុមជនរងគ្រោះបានបន្តទៀតថា ក្រោយពីពួកខ្លួនរបួសហើយនោះក៏បានតេទូរស័ព្ទហៅមិត្តភក្ដិឲ្យមកជួយដឹកពួកគេទៅមន្ទីរពេទ្យ ព្រមទាំងបានធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្ដដោយព្រមសងថ្លៃខូចខាតទៅឲ្យម្ចាស់រថយន្ដ ដើម្បីបញ្ចប់បញ្ហាផងដែរ៕

មតិយោបល់