ព័ត៌មានជាតិ

យុវជនបីនាក់ ជិះម៉ូតូមួយគ្រឿង ទៅបុកគូទរថយន្ត បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់

កណ្តាលៈ នៅថ្ងៃ សុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រី ស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០ និង២៥ នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្តាលអោយស្លាប់០២នាក់ និងរងរបួសធ្ងន់ម្នាក់ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៨-១៩ ក្នុងភូមិ ទួលក្របៅ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក់ ហុងដា Beat ពណ៌ស ប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល 1A.1684 បើកបរដោយឈ្មោះ គល់ សីហាមុន្នី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យស្លាប់ ។ អ្នករួមដំណើរ០២នាក់៖ ១-ឈ្មោះ ឃុន សូវិចារ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់) ២-ឈ្មោះ ឡុង គឹមលាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់) ដែលបើកបរ មានទិសដៅពីភ្នំពេញទៅអ្នកលឿង ។ ពេលបើកមកដល់ចំណុចកើតហេតុ បានបុកពីក្រោយ រថយន្តមួយគ្រឿង សណ្តោងរ៉ឺម៉ក ដែលចតឈប់ចោលនៅចិញ្ចើមផ្លូវ មានទិសដៅស្របគ្នា រថយន្តម៉ាក Nissan ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3A.8629 រ៉ឺម៉កគ្មានផ្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯសពប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ។

វត្ថុតាង៖ ម៉ូតូនិង រថយន្ត ត្រូវបានកម្លាំងជំនាញ ចុះវាស់វែងយកទៅរក្សាទុក ជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ។

ករណីខាងលើនេះ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺបណ្តាលមកពីអ្នកបើកបររថយន្ត ធ្វេសប្រហែស ឈប់ចតមិនបានដាក់ភ្លើងសញ្ញាបង្ហាញ និងអ្នកបើកបរម៉ូតូធ្វេសប្រហែស មិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ៕

មតិយោបល់