ព័ត៌មានជាតិ

Update៖ ស្លន់ទាំងយប់! ឆ្លងចរន្តអគ្គិសនី ឆេះឃ្លាំងជួសជុលរថយន្តយ៉ាងសន្ធោសន្ធៅ ផ្អើលទ្បានទឹកចុះអន្តរាគមន៍

ភ្នំពេញ: អគ្គិភ័យឆេះឃ្លាំងជួសជុលរថយន្តមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ២០១១ នៅចំណុចជិតផ្លូវរថភ្លើង ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ និង ០៥នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងឈ្មោះ ឃួន សីហា អាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញ មានផ្សែងហុយ ចេញពីលើដំបូងឃ្លាំង រួចក៏ក្រឡែកមើលខាងក្នុងឃ្លាំង ស្រាប់តែមានអណ្ដាតភ្លើង ទើបពួកគាត់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង មកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ដោយប្រើពេលវេលាកន្លះម៉ោង ទើបរលត់ទៅវិញ។

ចំពោះការខូចខាត រួមមានគ្រឿងបន្លាស់រថយន្ត និងសម្ភារ:ចាស់ៗមួយចំនួនធំ សំណាងល្អ ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួស ។ រីឯមូលហេតុដែលបង្កឲ្យមានភ្លើងឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ៕

មតិយោបល់