ព័ត៌មានជាតិ

សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ

ពោរពេញដោយក្តីរីករាយឥតឧបមា ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានផ្តល់ដំណឹងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះថា ពួកគេបានកត់ត្រានូវវត្តមាននៃសត្វត្មាតត្នោតចំនួនពីរក្បាល និងត្មាតផេះចំនួនមួយក្បាលនៅសំបុកព្រៃធម្មជាតិរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។
ក្រុមការងារស្រាវជ្រាវបានបញ្ជាក់ថាលទ្ធផលជាច្រើនដែលគេសម្រេចបានក្នុងរយៈពេលកន្លងមកដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការវិលត្រលប់មកកាន់ទ្រនំវិញរបស់សត្វស្លាបទាំងពីរប្រភេទនេះ ដែលសុទ្ធសឹងជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្រោយពីអវត្តមានក្នុងរយៈពេលដ៏យូរ។
ផ្អែកតាមរបាយការណ៍ស្រាវជ្រាវក្នុងតំបន់នេះ សត្វត្មាតត្នោតធ្លាប់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនបួនក្បាល ហើយឃើញវត្តមានរបស់វាចុងក្រោយបង្អស់នៅចុងឆ្នាំ២០១៥ រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រាចុងក្រោយបំផុតនៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន។
យោងតាមការសន្និដ្ឋានមួយរបស់កញ្ញា Milou Groenenberg ប្រធានក្រុមស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF មូលហេតុដែលបណ្តាលឲ្យបាត់វត្តមានរបស់ពួកវាពីក្នុងតំបន់ក្នុងរយៈពេលដ៏យូរនេះគឺភាគច្រើនដោយសារពួកវាបានទទួលរងនូវការពុលដោយប្រយោលនឹងសារធាតុគីមីដែលគេបានប្រើប្រាស់សម្រាប់គោលបំណងផ្សេង។
សូមបញ្ជាក់ដែរថាសត្វត្មាតភ្លើងក៏ជាសត្វស្លាបមួយប្រភេទទៀតដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកផងដែរ។

មតិយោបល់