ព័ត៌មានជាតិ

រន្ធត់ណាស់ បុកស្លាប់ទៀតហើយ! រថយន្តដឹកភ្ញៀវទេសចរណ៍ «វ៉ាង រ៉ិច» ផ្ដាច់ជីវិតមនុស្ស ៣នាក់ នៅស្រុកកៀនស្វាយ

កណ្តាល: (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៨និង៤៥នាទីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០១ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៌មួយ រវាងរថយន្តដឹកភ្ញៀវទេសចរណ៍ វ៉ាង រ៉ិច បុកគ្នាជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស ០៣នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក HYUDAI ពណ៌ខៀវ ប្រភេទដឹកអ្នកដំណើរធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3C-8879 របស់ក្រុមហ៊ុន វ៉ាង រ៉ិច បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។

លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក HONDADREAM C125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2335 ធ្វើដំណើរក្នុងទិសផ្ទុយគ្នា បើកបរដោយឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តតាកែវ (ស្លាប់) មានអ្នករួមដំណើរចំនួន០២នាក់៖ ទី១ឈ្មោះ ផាន ចែម ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង (ស្លាប់) និងទី២ឈ្មោះ សំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង (ស្លាប់)។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកម៉ូតូ មិនប្រុងប្រយ័ត្ន បើករំលោភលើចំណែកផ្លូវយានយន្ត រីឯរថយន្ត បើកបរលឿន។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង រួចប្រគល់សពជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់