ព័ត៌មានជាតិ

Update: រថយន្ត៥គ្រឿងបុកបន្តកន្ទុយគ្នា របួស់ធ្ងន់-ស្រាល១៣នាក់នៅស្រុកសន្ទុក

កំពង់ធំៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តចំនួន៥គ្រឿង បានបុកបន្តកន្ទុយគ្នា លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រើយមយ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅវេលាម៉ោង ១០និង២៥នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ បណ្តាលឲ្យមានភ្ញៀវជនជាតិវៀត ណាម៥នាក់ ៣នាក់បាក់ដៃ ២នាក់របួសស្រាល ចំណែកភ្ញៀវកម្ពុជា ទាំងរថយន្តតូចធំ៨នាក់ រងរបួស្រាល សរុប១៣នាក់។

អធិការរងទទួលផែនចរាចរណ៍ស្រុកសន្ទុកបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តក្រុងប្រភេទ២៥កៅអ៊ី បានបើកចេញពីភ្នំពេញ លុះមកដល់ចំណុចជញ្ជីងថ្លឹងរថយន្ត ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងជាចំណុចផ្លូវកោង ក៏បណ្តាលឲ្យរអិលធ្លាក់ស្នាមភ្លោះ ក្រឡាប់ផ្ងារជើង នៅវេលាម៉ោង៩និង៤៥នាទី ក្រោយមកមានរថយន្តជាច្រើនគ្រឿងនាំគ្នាបង្អន់ល្បឿន ដើម្បីមើលរថយន្តក្រឡាប់ គឺរថយន្តម៉ាកនីសាន់បើកមុខគេ ក្រោយមករថយន្តក្រុងរបស់ក្រុមហ៊ុនវៀតណាម បានបង្អន់ល្បឿង ស្រាប់តែរថយន្តយីឌុប៥ភ្លៅដឹកឈើជាង៦ ម៉ែត្រគូប ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-2654 បុកពីក្រោយរថយន្តក្រុង ចំណែករថយន្តក្រុង ពាក់ស្លាកលេខ 51B- 19964 ពណ៌ក្រហម ជ្រុលទៅបុករថយន្តនីសាន់ ពាក់ស្លាកលេខ រដ្ឋ36-2-0/93 ពណ៌ស ពីក្រោយរបស់អង្គភាពស៊ីម៉ាក់ ចំណែករថយន្តស៊ីម៉ាក់ជ្រុលទៅបុកនិងរថយន្តហ្វតមួយគ្រឿងទៀត ក្រោយពីកើតហេតុម្ចាស់រថយន្តហ្វតពុំមានអ្វីខូចខាតធ្ងន់ធ្ងរ ក៏ឡើករថយន្តបើកទៅដោយសុវត្ថិភាព ចំណែករថយន្តដែលខូចខាតធ្ងន់ធ្ងរ គឺនៅចតកន្លែងកើតហេតុរងចាំដោះស្រាយ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តយីឌុប៥ភ្លៅបុកចំម៉ាស៊ីនរបស់រថយន្តក្រុងរបស់ក្រុមហ៊ុន វៀតណាម បណ្តាលឲ្យរថយន្តទាំងពីរគៀបខាំគ្នាជាប់ខូចខាតយ៉ាងធ្ងន់ធ្ងរ រីឯរថយន្តនីសាន់ត្រូវបានខូចខាតខាងក្រោយ។ សមត្ថកិច្ចប៉ូលិសចរាចណ៍បានឲ្យដឹងថា តៃកុងឡានក្រុងរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ឡេ អ៊ូតាយ ភេទប្រុស អាយុ ៤៦ឆ្នាំ រីឯតៃកុងរថយន្តឯទៀតពុំមានឈ្មោះនោះទេ ដោយសារខ្លះទៅមន្ទីរពេទ្យ ខ្លះរត់គេចខ្លួនបាត់អស់។

សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ បច្ចុប្បន្នផ្លូវមានស្ថានភាពរអិល នៅពេលមានភ្លៀងធ្លាក់ម្តងៗ ជាហេតុធ្វើឲ្យមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ ដូច្នេះសុំឲ្យអ្នកធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍៕

មតិយោបល់