(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន រំពឹងថា ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 នឹងព្រមព្រៀងគ្នាបរិច្ចាគវ៉ាក់សាំង COVID-19 សរុប១ពាន់លានដូស ទៅកាន់ប្រទេសអន់ខ្សោយ កំលុងកិច្ចប្រជុំកំពូល G7 ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ ហើយជួយពន្លឿនកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅលើពិភពលោក។

កំលុងកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃ ដែលចាប់ផ្តើមនាថ្ងៃសុក្រនេះ នៅរីសត Carbis Bay ក្នុងតំបន់ Cornwall ភាគនិរតីប្រទេសអង់គ្លេស ក្រុមប្រទេស G7 ត្រូវគេរំពឹងថានឹងប្រកាសអំពីការសន្យាផ្តល់វ៉ាក់សាំងសរុបចូលគ្នា ចំនួន១ពាន់លានដូសទៅកាន់ប្រទេសនានាដែលត្រូវការជាចាំបាច់។ នៅថ្ងៃសុក្រនេះ មេដឹកនាំមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី និងជប៉ុន នឹងអង្គុយតុពិភាក្សាទល់មុខគ្នាជាលើកដំបូង ក្នុងកិច្ចប្រជុំកំពូល G7 ក្នុងរយៈពេលជិត២ឆ្នាំ ក្រោយកិច្ចប្រជុំកំពូលឆ្នាំមុនត្រូវខកខាន ដោយសារតែ COVID-19។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក៏បានប្រកាសផងដែរពីការបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន៥០០លានដូស ខណៈបើតាម លោក ចនសុន ចក្រភពអង់គ្លេសនឹងផ្តល់វ៉ាក់សាំងយ៉ាងហោច ១០០លានដូសដូចគ្នា៕
ប្រភព៖ Reuters
មតិយោបល់