កំពង់ឆ្នាំងៈ ត្រីត្រូវការ ព្រៃលិចទឹកដើម្បីជាជម្រកពងកូន ដូច្នេះយើងត្រូវការពារតំបន់អភិរក្សមេពូជត្រី ឲ្យបានល្អ និងគង់វង្ស សរុបមក មានព្រៃលិចទឹក គឺមានត្រីអស់ព្រៃលិចទឹកគឺអស់ត្រី។
លោកអភិបាលរងខេត្តកំពង់ឆ្នាំង សៀត គឹមលៀង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពិធីដាំកូនឈើព្រៃលិចទឹកចំនួន៣.០០០ដើម នៅក្នុងតំបន់ព្រៃលិចទឹក ក្រោមទំនប់ទឹកព្រះបាទបរមនាថ នរោត្តម សីហមុនី នៅក្នុងភូមិឯលិចឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីនេះ គេពិនិត្យឃើញមានវត្តមានលោកនាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោកនាយខណ្ឌ នាយផ្នែក នាយសង្កាត់ រដ្ឋបាលជលផលកំពង់ឆ្នាំង មន្ត្រីរាជការស្រុកកំពង់លែង កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជាង៤០០នាក់ ចូលរួមផងដែរ។
លោក អភិបាលរង បានបន្តថា ពីមុនមក នឹងពេលនេះ ត្រីចិញ្ចឹមយើង តែបើយើងទាំងអស់គ្នា ការពារមិនបានទេ នៅពេលខាងមុខនេះ យើងនឹងចិញ្ចឹមត្រីវិញទើបមានត្រីហូប ដូច្នេះ ត្រូវរក្សាការពារជំរកត្រី ឲ្យបានគង់វង្ស សំដៅឲ្យត្រីពងកូនតាមធម្មជាតិ ចិញ្ចឹមមនុស្សយើង ប្រសើរជាងយើងចិញ្ចឹមត្រី ដែលការចិញ្ចឹមត្រី នោះទម្រាំបានហូប មិនមែនជាការងារស្រួលនោះឡើយ។
លោក ផៅ ស្រៀង អភិបាលរងស្រុកកំពង់លែង បានលើកឡើងថា ស្រុកកំពង់លែងមាន៩ឃុំ និង៤៤ភូមិ មានប្រជាពលរដ្ឋសរុប១១.៤៨០គ្រួសារ ស្មើនិង៥៥.៦៥៨នាក់ នៅក្នុងរដូវវស្សា តំបន់លិចទឹកមាន៤ភាគ លើ៥ភាគ នៃផ្ទៃដីស្រុកទាំងមូល ។ វិស័យជលផល ស្រុកមាន៧សហគមន៍នេសាទ និងមានតំបន់អភិរក្សចំនួន៣កន្លែង បញ្ហាប្រឈម កន្លងមកមានអ្នកដុតព្រៃ រកមុខអ្នកប្រព្រឹត្តមិនឃើញ មានអ្នកប្រើឧបករណ៍ខុសច្បាប់ នៅក្នុងរដូវបិតនេសាទ មានអ្នកលួចភ្ជួរយកដីព្រៃលិចទឹកនៅចំណុចគោកព្រះ រកមុខមិនឃើញ ដោយសារទីកន្លែង ប្រព្រឹត្តបទល្មើសនៅឆ្ងាយពីទីរួមស្រុក។
ដោយឡែកនៅក្នុងពិធីនេះ លោក សោម ភិរុណ នាយខណ្ឌ រដ្ឋបាលជលផលកំពង់ឆ្នាំង បានថ្លែងឲ្យដឹងថា ខេត្តកំពង់ឆ្នាំង មានតំបន់ព្រៃលិចទឹកជាជំរកដ៏សំខាន់សំរាប់ប្រភពធនធានជលផលចំនួន៨៩.៤០៤ហិកតា មានកន្លែងអភិរក្សជលផល៧កន្លែងទំហំ ៩.៩៥៩ហិកតា មានកន្លែងអភិរក្សនៅក្នុងសហគមន៍នេសាទចំនួន៤១កន្លែង។ នៅក្នុងរយះពេលជាង៦ខែ ក្នុងឆ្នាំ២០១៦នេះ បង្ក្រាបបទល្មើសនេសាទបាន៩១ករណី បំផ្លាញចោលវត្ថុតាង៧២ករណី ចាប់ជនល្មើសដាក់ពន្ធនាគារ១១នាក់ ប្រាក់ពិន័យ បាន២២.៦០០.០០០រៀល។
លោក នាយខណ្ឌ រដ្ឋបាលជលផល បានបញ្ជាក់ថា ការដាំកូនឈើព្រៃលិចទឹកក្នុងថ្ងៃនេះមានចំនួន៣.០០០ដើម នៅក្នុងតំបន់ព្រៃលិចទឹកក្រោមទំនប់ទឹកព្រះបាទបរមនាថ នរោត្តម សីហមុនី ដែលរងការខូចខាតដោយភ្លើងព្រៃឆេះ កាលពីប្រាំងមិញនេះ។ ព្រៃលិចទឹកមានសារប្រយោជន៍សំខាន់ណាស់ ដល់ទៅ១៣យ៉ាង លោកស្នើសុំឲ្យប្រជាពលរដ្ឋ សហគមន៍ និងអាជ្ញាធរមូលដ្ឋានរួមគ្នាការពារឲ្យបាននិងសហការគ្នាបង្ក្រាប និងចាប់ខ្លួនជនល្មើសបំផ្លិចបំផ្លាញព្រៃលិចទឹកឲ្យបាន ដើម្បីផ្ទន្ទាទោសឲ្យមានម៉ឺងម៉ាត់ កុំឲ្យអ្នកផ្សេងទៀតយកគំរូតាម៕
មតិយោបល់