ព័ត៌មានជាតិ

ទើបនឹងចេញពីមណ្ឌលកែប្រែ ទាក់ទងមិត្តចាស់ដើរលួចមិនញញើតចុងក្រោយ…

ភ្នំពេញៈ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(លួចទូរស័ព្ទ)។

ជនសង្ស័យមានដូចខាងក្រោម៖
១/ ឈ្មោះ សុខ ភាស់ ភេទប្រុស អាយុ ២៤ឆ្នាំ។
២/ ឈ្មោះ ថោង រតនា ហៅម៉ាប់ ភេទប្រុស អាយុ ១៩ឆ្នាំ។

ជនសង្ស័យទាំង ០២នាក់ ខាងលើ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ១៧១ ផ្លូវ២៨២ កែងផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីពួកគេទាំង ០២នាក់ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone 6 ពណ៌ខ្មៅ របស់ប្រជាពលរដ្ឋ ដែលដាក់សាកថ្ម នៅហាងលក់កាហ្វេចំណុចកើតហេតុ តែត្រូវបានម្ចាស់ទូរស័ព្ទដឹងខ្លួនទាន់ ក៏ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះឃើញ ដេញតាមចាប់ពួកគេ ភ្លាមៗពួកគេបានយកកាំបិតចុងស្រួចមួយដែលទុកជាប់ខ្លួន បម្រុងចាក់លើប្រជាពលរដ្ឋដែលនៅក្បែរនោះ តែត្រូវបានកម្លាំងល្បាតអាវុធហត្ថបឹងកេងកង ចុះទៅទាន់ក៏ធ្វើការឃាត់ខ្លួនទាំង០២នាក់តែម្តង។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យទាំង ០២នាក់ បានប្រាប់ឲ្យដឹងថា កាលអំឡុងឆ្នាំ២០១៥ ពួកគេធ្លាប់ជាប់មណ្ឌលកែប្រែ ព្រៃស្ពឺ រយៈពេល ០៦ខែ ដោយសាររូបគេ ហិតកាវ ជារៀងរាល់ថ្ងៃ លុះចេញពីមណ្ឌលមកវិញ ពួកគេទាំង ០២នាក់ ទាក់ទងដើរជាមួយគ្នា ដើម្បីធ្វើសកម្មភាពលួចសម្ភារៈមានតម្លៃរបស់ប្រជាពលរដ្ឋជាប្រចាំ និងប្រើប្រាស់គ្រឿងញៀនជាមួយគ្នា រយៈពេល ០១ឆ្នាំ កន្លងមកហើយ រាល់ពេលចេញធ្វើសកម្មភាពលួច ពួកគេតែងដាក់កាំបិតចុងស្រួចទុកជាប់ខ្លួនរហូត ទុកសម្រាប់គម្រាមម្ចាស់របស់ ពេលណាដែលម្ចាស់តាមទាន់៕

មតិយោបល់