ឧត្តរមានជ័យៈ អនុវត្តតាមបញ្ជាលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិលោក ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាកម្លាំង ជំនាញមួយក្រុម ចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន នៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដឹកនាំផ្ទាល់ដោយ លោក វរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
លុះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣និង១០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក៩) បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែនពីថៃមកកម្ពុជា (ឆ្លងកាត់តាមច្រកព្រំដែនអូស្មាច់) ដោយមានការចូលពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ នៅចំណុចផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិអូរពក ឃុំកូនក្រៀល ក្រុងសំរោងខេត្ត ឧត្ដរមានជ័យ។
ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ ២នាក់មានឈ្មោះដូចខាងក្រោម ៖
១/ឈ្មោះ ប្រាក់ ស៊ុប ភេទប្រុស ជនជាតិថៃ កើតថ្ងទី២០/១០/១៩៨៦ មុខរបរកសិករធ្វើស្រែ កាន់លិខិតឆ្លងដែនលេខ AB2613142 រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ថៃ ។
២/ឈ្មោះ ណាត ថាភុន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិថៃ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ ។
ចាប់យកវត្ថុតាង៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ០៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម និងរថយន្ត ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធី ៕
មតិយោបល់