ព័ត៌មានជាតិ

លោកនាយផ្នែកច្រកទ្វារអន្ដរជាតិដូង ស្រវឹងស្រាបាញ់អស់ជាច្រើនគ្រាប់ សង្ស័យប៉ះចំខ្សែអ្នកធំ សមត្ថកិច្ចមិនហ៊ានផ្ដល់ព័ត៌មានដល់អ្នកកាសែតសុំយកតែសុខ

បាត់ដំបងៈ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង២៥នាទីយប់ ត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង នគរបាលអន្ដោប្រវេសន៍ប្រចាំច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបងម្នាក់ ដកកាំភ្លើងបាញ់អស់ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច។

មន្ដ្រីនគរបាលរូបនោះឈ្មោះ នៅ លីដា អាយុ ៣២ឆ្នាំ មានតួនាទី នាយផ្នែក នៃច្រកទ្វារអន្ដរជាតិដូង បានដកកាំភ្លើងម៉ាក Sig Sauer បាញ់បោះសេរី។

មូលហេតុ៖ ស្រវឹងស្រាជោគជាំ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចដែរ ប៉ុន្តែមិនហ៊ានផ្ដល់បទសម្ភាសន៍ឲ្យ ខ្លាចមានរឿងដាក់ខ្លួន សង្ស័យអ្នកបាញ់ជាប់ខ្សែអ្នកធំ គ្រាន់តែបានប្រាប់ថាមានមែន ពលរដ្ឋនៅក្នុងស្រុកកំរៀងមានការភ័យតក់ស្លុត អ្នកខ្លះរត់ចេញពីផ្ទះ ដោយសារតែលោកមន្ត្រីប៉ូលិសច្រកទ្វារអន្តរជាតិដូងបាញ់អស់ជាច្រើនគ្រាប់ ក្រោយពីកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនជនបង្កមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។

ពលរដ្ឋសំណូមពរទៅថ្នាក់ដឹកនាំ គួរមើលមន្ត្រីក្រោមឱវាទនិងផង ចេះច្បាប់ហើយមិចក៏បាញ់បោះសេរី បើសិនជាបន្តទុកទៀត វាអាចធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋាន មិនសប្បាយចិត្តជាមួយអាជ្ញាធរ ហើយអ្នកខ្លះបាននិយាយថា តើសមត្ថកិច្ចហ៊ានអនុវត្ត ធ្វើទៅតាមច្បាប់លើមន្ត្រីនេះដែរឫទេ? ព្រោះរឿងនេះហាក់បីដូចជា អាថ៌កំបាំង សង្ស័យតែចាប់បានហើយដោះលែងវិញ ។ ភ្នាក់ងារសារព័ត៌មាន Post News និងតាមរឿងនេះដល់ទីបញ្ចប់៕

មតិយោបល់