ព័ត៌មានជាតិ

ស្ងាត់មួយរយៈ ម្សិលមិញផ្ទុះតាមបណ្ដាញ Facebook រឿងសមត្ថកិច្ច ចាប់មនុស្ស គំរាមអ្នកកាសែតមិនឲ្យថតរូបផ្អើលដល់ថ្នាក់លើ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីក្រុមពាក់មួកសុវត្ថិភាពឃ្លុបជិត ធ្វើការឃាត់ខ្លួន វាយខ្នោះយុវជនម្នាក់ មិនដឹងមូលហេតុ ត្រូវបានអ្នកសារព័ត៌មាន ចុះថតផ្សាយផ្ទាល់ មិនបានប៉ុន្មានផង ស្រាប់តែមានប៉ូលិសម្នាក់ មកសម្លុតគំរាម ហាមមិ​នឲ្យផ្ដិតយករូបភាព ថែមទាំងអះអាងថា នឹងសុំដីកាតុលារ មកចាប់ខ្លួនអ្នកសារព័ត៌មានទាំងនោះទៀត។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋបានលើកមតិរៀងៗខ្លួនថា ឲ្យតែចុះចាប់មនុស្សលើផ្លូវសាធារណម្ដងៗ ហាក់បីដូចជា ធ្វើឲ្យមានការភ្ញាក់ផ្អើល ភ័យខ្លាច ជាពិសេសប្រើពាក្យមិនសមរម្យ ទៅលើជនសង្ស័យ សូម្បីតែអ្នកកាសែតចង់បានព័ត៌មានលម្អិត សួរនាំពីមន្ត្រីអនុវត្តច្បាប់ ក៏លោកសម្លុតគំរាមគំហែងដែរ។

ថ្នាក់នៅលើផ្លូវសាធារណៈ ទាំងអ្នកកាសែតមានពាក់កាតសម្គាល់ខ្លួនត្រឹមត្រូវ នៅតែមិនលើកលែងឲ្យទៀត គ្មានអ្នកណាមិនដឹងទេ ថាវាក៏ជារឿងដដែលៗមកហើយ តើដល់ពេលណា ទើបអាចកែប្រែទម្លាប់ចាស់ចោល គួរតែមានការសហការគ្នា រវាងអ្នកកាសែត និងសមត្ថកិច្ច ព្រោះពួកគាត់ ចង់បានព័ត៌មានពិត ផ្សព្វផ្សាយឲ្យមហាជនបានដឹងប៉ុណ្ណោះ។

គេសង្កេតឃើញថា កាលពីប៉ុន្មានខែមុននេះ ក៏មានជនស្លៀកពាក់ស៊ីវិល និងពាក់ឯកសណ្ឋានបន្លំធ្វើជាសមត្ថកិច្ច មកចាប់មនុស្សទាំងគ្មានដីកា គ្មានកាតសម្គាល់ខ្លួនរួមមកហើយ ថែមទាំងធ្លាប់ប៉ះគ្នា ជាមួយអ្នកកាសែតទៀត ជាពិសេសក៏បានដឹងដល់ថ្នាក់លើដែរ តែថា ស្ងាត់មួយរយៈហើយ ទើបតែពីម្សិលមិញ ក៏ផ្ទុះវីដេអូបែកធ្លាយតាមបណ្ដាញសង្គម Facebook ធ្វើឲ្យអ្នកលេងបន្តរិះគន់ទៅលើសមត្ថកិច្ច។

យ៉ាងមិញទាក់ទងនឹងករណីនេះ អ្នកសារព័ត៌មានក៏យល់ដែរ ថាវាជានីតិវិធីរបស់សមត្ថកិច្ច តែក៏សូមសំណូមពរ មេត្តាប្រើពាក្យសម្ដីឲ្យបានសមរម្យផង កុំដល់ថ្នាក់សម្លុតគំរាមបែបនេះទៀត៕

មតិយោបល់