ព័ត៌មានជាតិ

រថយន្តជាច្រើនគ្រឿង បើកបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាត នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: រថយន្តចំនួន៤គ្រឿង បុករុញតគ្នា បណ្តាលឱ្យរថយន្តនៅកណ្តាលគេ ទទួលរងខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១និង១៥នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋ ឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ ខណ:ដែលរថយន្ត បើកជាបន្តបន្ទាប់ ក្នុងស្ថានភាពផ្លូវកំពុងកកស្ទះ គឺមានរថយន្ត៣គ្រឿងខាងលើ បានធ្វើដំណើរលើផ្លូវជាតិលេខ៣ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ឃ្លុបពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ3A-2223 បើកលឿនជ្រុលទៅបុករុញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-5937 ទៅរុញបុកផ្ទប់រថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AI-7509 រួចបន្តរុញបុករថយន្តកូរ៉េដឹកទំនិញ ២.៥តោន ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឱ្យរថយន្តព្រូសបែកក្រពឹត ខ្ទេចផ្នែកខាងក្រោយយ៉ាងដំណំតែម្ដង។

ក្រោយកើតហេតុ នៅសល់តែរថយន្ត៣គ្រឿងប៉ុណ្ណោះ នៅកន្លែងកើតហេតុ រីឯរថយន្តខាងមុខគេខូចខាតតិចតួច បានបន្តដំណើរទៅបាត់៕

ក្រោយកើតហេតុដោយរថយន្តមួយគ្រឿងខូចខាតធ្ងន់ សមត្ថកិច្ចចុះទៅពិនិត្យវាស់វែង រួចប្រមូលយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន រងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់