ព្រះវិហារៈ សព្វថ្ងៃនេះ បទល្មើសព្រៃឈើប្រភេទឈើប្រណីតឈើលេខ១ និងសន្លឹកទ្វារកែច្នៃធ្វើពីឈើគគីរនៅតែដឹកជញ្ជូនចេញជាហូរហែ ចេញពីឃុំពោធិ៍ និងឃុំប្រមេរស្រុកត្បែងមានជ័យ តាមផ្លូវជាតិលេខ០៩ ចូលមកក្រុងព្រះវិហារ និងបន្តដឹកជញ្ជូនចេញទៅកាន់បណ្តាខេត្តផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង ។ ក្នុងនោះ មានសមត្ថកិច្ចខិលខូចដាក់កុងត្រូលជជុះប្រមាណ១០ ទីតាំងនៅតាមដងផ្លូវជាតិលេខ០៩ ព្រោះតែផ្លូវជាតិនេះ ជាច្រកសំខាន់ដែលរថយន្តដឹកជញ្ជូនឈើគ្រញូងឆ្លងកាត់ស្ទើររាល់យប់ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង។
ប្រភេទឈើដែលដឹកជញ្ជូនទាំងនោះ ត្រូវបានគេដឹងថា ជនល្មើសកាប់បំផ្លាញពីព្រៃការពារ ព្រះរកាដែលនៅពេលនេះ គ្រប់គ្រងដោយក្រសួងបរិស្ថាន បន្តវេនពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទយកមកលក់តាមរោងសិប្បកម្មដ៏ធំមួយនៅភូមិបុស្សធំ ឃុំពោធិ៍ស្រុកត្បែងមានជ័យ និងរោងសិប្បកម្មកែច្នៃឈើដ៏ធំដូចគ្នា នៅភូមិពោធិ៍ទាបឃុំម្លូរព្រៃ១ស្រុកឆែប។ រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ខ្នាតធំៗ ខ្លះជ្រកនៅយ៉ាងរឹងមាំច្រើនឆ្នាំ នៅខាងក្រោយបន្ទាយសមត្ថកិច្ចកងកម្លាំងស្រុកត្បែងមានជ័យ និងស្រុកជ័យសែនតែម្តង។
ភ្នាក់ងាររាយការណ៍ឲ្យដឹងថា ឈ្មួញឈើតែងតែដឹកសន្លឹកទ្វារគគីរកែច្នៃនិងបង្កប់ឈើប្រណីតពីក្រោមថែមទៀត ដើម្បីងាយស្រួលកើបលុយធ្វើមានបាន។ សន្លឹកទ្វារគគីរកែច្នៃត្រូវបានឈ្មួញដឹកជញ្ជូនប្រមាណ១០០សន្លឹកទ្វារតាមរថយន្តសាំយ៉ុងពណ៌ស១គ្រឿងកែច្នៃសណ្តោង កន្ទុយយកទៅលក់បោះដុំនៅខេត្តបាត់ដំបង កាត់តាមស្រុកគូលែន និងខេត្តសៀមរាប ដោយក្នុង១ខែ អាចដឹកចេញបាន៥០០សន្លឹកទ្វារឯណោះ។
ឈ្មួញឈើទាំងនោះអួតអាងថា ទ្វារគគីរ១សន្លឹកដែលធ្វើហើយចេញពីរោងសិប្បកម្មកែច្នៃអាចចំណេញប្រាក់បានចំនួន២០ដុល្លារ អាមេរិក ដូច្នេះហើយ បានជានៅទូទាំងខេត្តព្រះវិហារ មានរោងសិប្បកម្មកែច្នៃឈើធ្វើគ្រែ,ទ្វារ,តុ,ទូរ,កៅអីទ្បាវ,សាទ្បុង ប្រណីត ទាំងមានច្បាប់ និងគ្មានច្បាប់ប្រមាណ៣០០ទីតាំងឯណោះ។
ភ្នាក់ងារ បានឲ្យដឹងថា រោងសិប្បកម្មកែច្នៃឈើខ្លះមានច្បាប់ធ្វើអាជីវកម្មមែន ប៉ុន្តែប្រភពឈើផ្គត់ផ្គង់ទាំងអស់សុទ្ធតែទិញចូលដោយខុសច្បាប់ ពីជនល្មើសដែលបាននាំគ្នាចូលកាប់បំផ្លាញពីព្រៃឈើការពារព្រះរការ ហើយសង្ស័យមានរណាយន្តប្រមាណ១០០គ្រឿង ឯណោះដែលបានបង់លុយខែ ឲ្យគ្រប់ស្ថាប័នសមត្ថកិច្ច។ ភ្នាក់ងារបានបញ្ជាកថា ឈ្មួញដ៏ល្បីឈ្មោះម្នាក់បានទិញភាស៊ី ឈើគគីរប្រមាណ១០ម៉ែត្រគូបក្នុង១ខែៗពីក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចនៅស្រុកគូលែន ដើម្បីគ្រាន់តែបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ រីឯឈ្មួញឈើដុះស្លែម្នាក់ទៀត បានរកស៊ីដឹកជញ្ជូនសន្លឹកទ្វារគគីរកែច្នៃ និងឈើតាប់យកទៅលក់នៅខេត្តសៀមរាប ជិត២០ឆ្នាំមកហើយមិនដែលឮថា សមត្ថកិច្ចតាមដងផ្លូវជាតិលេខ៦២ និងផ្លូវជាតិលេខ០៩ ចាប់បង្ក្រាបគាត់បានម្តងណាទ្បើយ ដោយសារមានអ្នកធំ នៅរាជធានីភ្នំពេញកាងនៅពីក្រោយខ្នង។ពេលនេះឈ្មួញម្នាក់នេះ បានក្លាយទៅជាសេដ្ឋី ដោយសារដឹកឈើខុសច្បាប់ ប្រចាំខេត្តព្រះវិហារ ហើយល្បីដល់ខេត្តសៀមរាបថែមទៀត៕
មតិយោបល់