ទូរស័ព្ទ សាមសុង ត្រកូល Galaxy Note ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាប្រភេទទូរស័ព្ទដ៏ទំនើបល្អប្លែក ដែលក្រុមហ៊ុនសាមសុង បានលក់ចេញលើសពី៥០លានគ្រឿង ក្នុងចន្លោះឆ្នាំ២០១១ និង២០១៣ ហើយពីមួយជំនាន់ទៅមួយជំនាន់ទូរស័ព្ទសាមសុង Galaxy Note កាន់តែមានសន្ទុះក្នុងការវិវត្តន៍ដ៏អស្ចារ្យ។
ការវិវត្តន៍នេះ បានចាប់ផ្តើមទ្បើងតាំងពីខែកញ្ញា ឆ្នាំ២០១១ ដោយក្រុមហ៊ុនសាមសុងបានចេញលក់ទូរស័ព្ទ សាមសុង Galaxy Note ដែលជាទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ដំបូងបំផុត ដែលបំពាក់នូវប៊ិច S Pen ដ៏វ័យឆ្លាត ហើយភាពជោគជ័យនៃទូរស័ព្ទនេះ បានធ្វើឲ្យមនុស្សជាច្រើន ចាប់ផ្តើមស្គាល់ទូរស័ព្ទ សាមសុង ត្រកូល Galaxy Note។
បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ក្រុមហ៊ុនសាមសុង ក៏បានបង្ហាញមុខមាត់ថ្មីរបស់ទូរស័ព្ទ សាមសុង Galaxy Note II ដែលបានកែច្នៃចំណុចខ្សោយខ្លះៗ ដូចជា ប៊ិច S Pen កាមេរ៉ា និងប្រព័ន្ធទំនាក់ទំនង ដើម្បីឲ្យមានភាពល្អប្រសើរជាងមុន។
ទោះបីបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះយ៉ាងណាក៏ដោយ ទូរស័ព្ទ សាមសុង Galaxy Note III ដែលត្រូវបានផលិតក្នុងឆ្នាំ២០១៣ នៅតែអាចរក្សាកេរ្តិ៍ឈ្មោះបានយូរ ដោយសារតែវាជាទូរស័ព្ទស៊េរី Galaxy Note ដំបូងបង្អស់ដែលបំពាក់នូវអេក្រង់ប្រភេទ Super AMOLED ដែលមានទំហំដល់ទៅ 5.7 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល។
គំនិតច្នៃប្រឌិតលើការរចនារូបរាងទូរស័ព្ទរបស់ក្រុមហ៊ុន សាមសុង កាន់តែមានភាពទំនើប ជឿនលឿន ដែលធ្វើឲ្យពួកគេអាចផលិតទូរស័ព្ទ សាមសុង Galaxy Note 4 បានយ៉ាងស្អាត រលើបរលោង ព័ទ្ធទៅដោយស៊ុមលោហៈជុំវិញគួរឲ្យទាក់ទាញ និងទូរស័ព្ទសាមសុង Galaxy Note Edge ដែលមានអេក្រង់ហៀរមកគែមចំហៀងពិសេស ខុសប្លែកពីស្មាតហ្វូនដទៃទៀត។
ជិតមួយឆ្នាំហើយ ទូរស័ព្ទសាមសុង Galaxy Note 5 បានបង្ហាញរូបរាងស្តើង ដ៏រលើបរលោង ដែលបំពាក់ទៅដោយអេក្រង់ដ៏ធំ កាមេរ៉ាភ្លឺច្បាស់ល្អ និងថ្មកាន់បានយូរ ដែលក្រុមហ៊ុនសាមសុង មិនធ្លាប់ផលិតពីមុនមក ហើយក្នុងពេលឆាប់ៗនេះដែរ ក្រុមហ៊ុនសាមសុង នឹងដាក់បង្ហាញទូរស័ព្ទ សាមសុង Galaxy Note ថ្មីទំនើប ដែលជាបច្ចេកវិទ្យាដ៏កំពូលរបស់ទូរស័ព្ទត្រកូល Galaxy Note។
បើតាមវេបសាយ pcadvisor.co.uk បានឲ្យដឹងថា «សាមសុង ត្រូវបានគេដឹងថា នឹងប្រកាសជាផ្លូវការនូវទូរស័ព្ទ Galaxy Note 7 និងរំលងទូរស័ព្ទ Galaxy Note 6 ដើម្បីទាន់ជាមួយស៊េរីត្រកូល S របស់ខ្លួន ដែលបានលក់ចេញជាផ្លូវការ កាលពីដើមឆ្នាំ២០១៦កន្លងទៅ»។
វេបសាយ bgr.com បានបញ្ជាក់ថា តាមរយៈការបែកធ្លាយថ្មីៗនេះ សាមសុង Galaxy Note 7 អាចនឹងមានលក្ខណៈពិសេសថ្មី ខុសប្លែកពីទូរស័ព្ទដទៃៗទៀត លើទីផ្សារ ដោយសារតែទូរស័ព្ទនេះ ភ្ជាប់ជាមួយ នូវ iris scanner ក្នុងការស្កេនប្រស្រីភ្នែក ដើម្បីដោះសោដ៏ទំនើប ដែលផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងប្រព័ន្ធ IP68 ដែលការពារធូលីដី មិនជ្រាបទឹកបានយ៉ាងល្អ ព្រមទាំងបច្ចេកវិទ្យាថ្មី TouchWix interface ដ៏កំពូលរបស់ Android។
ទោះបីជាយ៉ាងណា នៅថ្ងៃទី២ ខែសីហានាពេលខាងមុខនេះ ការពិតនឹងបង្ហាញថា តើទូរស័ព្ទសាមសុង ត្រកូល Galaxy Note ចុងក្រោយនេះ ពិតជាកំពូលស្មាតហ្វូន ដែលមានលក្ខណៈសម្បត្តិពិសេស ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយខុសពីត្រកូល Galaxy Note រៀមច្បងមុនៗ និងអស្ចារ្យជាងស្មាតហ្វូនដទៃទៀត ដូចដែលគេហរទំព័រជាតិ និងអន្តរជាតិ យ៉ាងច្រើនលើសលប់បានធ្វើការទស្សន៍ទាយដែរ ឬយ៉ាងណា៕
មតិយោបល់