ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានកូរ៉េខាងជើង នឹងប្រឈមផលវិបាក ជុំវិញការសាកល្បងមីស៊ីល

UN: រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃពុធបានព្រមាន ប្រទេសកូរ៉េខាងជើង អំពីផលវិបាកនានា ប្រសិនបើរបបនេះ យកការសាកល្បងអាវុធដ៏អស្ចារ្យ នៅក្នុងឆ្នាំថ្មីមកគំរាមកំហែង ខណៈដែលខ្លួន កំពុងស្ថិតក្នុងទំនាល់នៃកិច្ចចរចានោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

ដោយសារការខកចិត្ត ជុំវិញកង្វះការបន្ធូរបន្ថយទណ្ឌកម្ម បន្ទាប់ពីកិច្ចប្រជុំកំពូលចំនួន ៣លើក ជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាថា នឹងផ្ដល់អំណោយបុណ្យណូអែលមួយទៅកាន់អាមេរិក ប្រសិនបើក្រុងវ៉ាស៊ីនតោន មិនមានសម្បទានអ្វីដល់ខ្លួន នៅចុងឆ្នាំនេះ។

យ៉ាងណាមិញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីប្រទេសកូរ៉េខាងជើង ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី Kelly Craft បានសម្តែងការព្រួយបារម្ភថា រដ្ឋផ្តាច់ការមួយនេះ កំពុងបង្ហាញថា ខ្លួននឹងសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដែលត្រូវបានរៀបចំឡើង ដើម្បីវាយប្រហារលើទ្វីបអាមេរិក ដោយអាវុធនុយក្លេអ៊ែរ៕

មតិយោបល់