ព័ត៌មានជាតិ

ទៀតហើយ! ទាំងកណ្ដាលក្រុងភ្នំពេញ លោកចោរ ចាក់ជនជាតិចិន ប្លន់យកទ្រព្យស្ត្រីជនជាតិវៀតណាម មិនរំខានដល់លោកអធិការខណ្ឌ

ភ្នំពេញៈ បុរសជាជនជាតិចិន រួមជាមួយដៃគូស្ត្រី ជនជាតិវៀតណាមម្នាក់ទៀត បានធ្វើដំណើរតាមម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា ត្រូវបានក្រុមជនសង្ស័យ ជិះរថយន្តស្តារិច ធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិអស់លុយ ៤០០$ និងលិខិតឆ្លងដែនចំនួនមួយក្បាល ទូរស័ព្ទដៃមួយគ្រឿង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២៤២ កែងផ្លូវ៥៥ ត្រង់ចំណុច
ក្បែរនឹងក្លឹប៥៥ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ស្ត្រីម្នាក់ជាជនជាតិវៀតណាម (គាត់កែភេទជាស្រី) អាយុ ២៤ឆ្នាំ ធ្វើការនៅណាហ្គាវើល២ បានស្គាល់គ្នាជាមួយបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ គឺខាងប្រុសបានបបួលស្ត្រី ជនជាតិវៀតណាម ទៅផ្ទះគាត់ ដើម្បីផឹក ខណៈហៅម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា ពណ៌ស មិនចាំស្លាកលេខ ជិះមកដល់ចំណុចផ្លូវ២៤២ កែងផ្លូវ៥៥ ក៏ស្រាប់តែមានរថយន្តជនសង្ស័យមួយគ្រឿង ម៉ាកស្តារិច ពណ៌ខ្មៅ មិនចាំស្លាកលេខនោះទេ ជនសង្ស័យមានគ្នា៤នាក់ ចុះមកធ្វើសកម្មភាពភ្ជង់ប្លន់ យកសម្ភារៈដូចជាលុយចំនួន ៤០០$ និងទូរស័ព្ទដៃមួយគ្រឿង ព្រមទាំងលិខិតឆ្លងដែនចំនួន១យកទៅបាត់ដោយសុវត្ថិភាព។

ចំណែកឯបុរសជនជាតិចិន ក៏ត្រូវជនសង្ស័យខាងលើ ចាក់បណ្ដាលឲ្យ មានរបួសផងដែរ។ ភ្លាមនោះ ស្ត្រីជាជន ជាតិវៀតណាម បានរត់ឡើងម៉ូតូកង់បីឲ្យគេទៅដល់វត្តលង្កា ហើយហៅ អង្គរក្សឲ្យជួយ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមជាមួយសមត្ថកិច្ច ចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីសួរនាំ ទើបដឹងរឿងរាវ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាល ចតុមុខ ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនសង្ស័យ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋបានសម្ដែងការមិនពេញចិត្ត ទៅលើអាជ្ញាធរខណ្ឌដូនពេញ ហាក់បីដូចជាទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានមិនបាន ជាក់ស្ដែងយប់មិញ មានជនសង្ស័យជិះរថយន្ត វាយប្លន់ទាំងកណ្ដាលក្រុងភ្នំពេញតែម្ដង ដូចជាគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះ។

ពលរដ្ឋសំណូមពរតាមរយៈសារព័ត៌មាន Post News ទៅដល់លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ មេត្តាជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោក ឲ្យចុះល្បាតពួនស្ទាក់ផង បើមិនដូច្នោះទេ ពលរដ្ឋលែងហ៊ាន ធ្វើដំណើរតាមផ្លូវពេលយប់ទៀតហើយ សង្ស័យតែមេឃត្រជាក់ពេក ធ្វើឲ្យលោកអធិការមិនចង់ចេញក្រៅ សំងំដេកក្នុងបន្ទប់ ភ្លេចឲ្យកូនចៅចុះល្បាតហើយ៕

មតិយោបល់