ព័ត៌មានជាតិ

តៃកុងរថយន្តកុងតឺន័រដោះ GPS ចេញប្រុងលួចរថយន្តទីបំផុតត្រូវចាប់ខ្លួន

ភ្នំពេញ: អ្នកបើកបររថយន្តកុងតឺន័រម្នាក់ ត្រូវបានមេការផ្នែកបញ្ជារថយន្ត និងត្រួតពិនិត្យប្រព័ន្ធGPS ផែស្ងួតមីងឡាំង ធ្វើការឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចាត់ការតាមច្បាប់ ដោយចោទប្រកាន់ថា ជននេះលួចដោះផ្ដាច់ប្រព័ន្ធGPSចេញពីរថយន្ត និងប្រុងលួចយកក្បាលរថយន្តកុងតឺន័រ១គ្រឿងនោះលក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងផែស្ងួតមីងឡាំង ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ កាន់ សុខធា អាយុ ១៧ឆ្នាំ មុខរបរបើកបររថយន្តកុងតឺន័រ ស្នាក់នៅក្នុងផែស្ងួតខាងលើ ចំណែកអ្នកដាក់ពាក្យបណ្ដឹងឲ្យចាត់ការលើជននេះឈ្មោះ ថ្លាង ចិន្ដា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរប្រធានរដ្ឋបាលក្រុមហ៊ុនផែស្ងួតមីងឡាំង នោះ។ រីឯរថយន្តកុងតឺន័រដែលជននោះប៉ុនប៉ងលួចពាក់ស្លាកលេខ ភ្នំពេញ 3C-0888។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជននេះបានបើករថយន្តសណ្ដោងកន្ទុយរ៉ឺម៉កដឹកទូកុងតឺន័រចេញពីក្រុមហ៊ុនផែស្ងួត ធ្វើដំណើរទៅតាមផ្លូវជាតិលេខ៣ លុះពេលទៅដល់ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៤ បានឈប់ដោះកន្ទុយរ៉ឺម៉កកុងតឺន័រចោល។បន្ទាប់មកបានដោះប្រព័ន្ធGPSចេញ ក្នុងបំណងលួចយកក្បាលរថយន្តលក់ ប៉ុន្តែពេលនោះត្រូវបានមេការផ្នែកបញ្ជារថយន្ត និងត្រួតពិនិត្យប្រព័ន្ធGPS មានការសង្ស័យ ព្រោះតែរថយន្តនេះបាត់ចេញពីប្រព័ន្ធតាមដាន ក៏បានទូរស័ព្ទហៅឲ្យជនសង្ស័យបើករថយន្តត្រឡប់ក្រោយវិញ លុះដល់ព្រឹកថ្ងៃទី១២ ខែធ្នូ ធ្វើការត្រួតពិនិត្យឃើញមានការដោះ GPS ចេញពីរថយន្តទើបចាប់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង៕

មតិយោបល់