ព័ត៌មានជាតិ

ម៉ូតូបើកវ៉ាជែងជ្រុលចង្កូតបុកជាមួយរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ នៅស្រុកបសេដ្ឋ

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៤រោចខែផល្គុន ឆ្នាំឆ្លូវ ពស២៥៦៥ ត្រូវថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:១៥នាទី នៅលើផ្លូវក្រាលកៅស៊ូ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បើកបរបញ្រ្ចាសទិសគ្នា ត្រង់ចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក CPX ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហៀង វុធថា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិអូតាពូង ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបើកវ៉ាជែងជាមួយរថយន្ត០១គ្រឿង ដែលបើកពីមុខស្របទិសគ្នា ហើយបានជ្រុលចង្កូតទៅបុកជាមួយ រថយន្ត០១គ្រឿងទៀតម៉ាក Ford wildrak ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 2AO-2755 (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ) ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាបុក និងបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ដោយម៉ូតូ និងរថយន្តខូចខាត់កម្រិតធ្ងន់ ។

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញធ្វើការវាស់វែង និងបានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកវត្ថុតាងទាំងពីរផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់