(តូក្យូ)៖ គណបក្សប្រជាធិបតេយ្យសេរី (LDP) និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ខណៈការបោះឆ្នោតសកល កាន់តែខិតជិតមកដល់។
បើតាមអ្នកជំនាញនយោបាយ ដូចជាលោក Atsuo Ito, គណបក្ស LDP អាចនឹងប្រឈមមុខនឹងការបាត់បង់សំឡេងគាំទ្រច្រើន ប៉ុន្តែរដ្ឋាភិបាលចម្រុះរបស់គណបក្ស មួយនេះនឹងមិនរង្គោះរង្គើរឡើយ។ លោក Atsuo Ito ក៏បង្ហាញការរំពឹងដែរថាចំនួនប្រជាជន ចូលរួមក្នុងការបោះឆ្នោតនឹងមានការថយចុះ។ ការបោះឆ្នោតសភាជាន់ទាប របស់ជប៉ុន នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយវាក៏នឹងក្លាយជាការធ្វើតេស្ដមួយសម្រាប់គណបក្ស LDP ផងដែរ ដែលកំពុងបាត់បង់ប្រជាប្រិយភាព ដោយសារការដោះស្រាយវិបត្តិ COVID-19 មិនបានល្អ។
រដ្ឋាភិបាលចម្រុះរបស់លោក Fumio Kishida មានគម្រោងឱ្យដណ្ដើមអាសនៈភាគច្រើនឱ្យបាន ២៣៣អាសនៈ ក្នុងចំណោមអាសនៈសភាជាន់ទាបសរុប ៤៦៥អាសនៈ។ ប៉ុន្តែ បើតាមការស្ទង់មតិចេញផ្សាយដោយសារព័ត៌មានជប៉ុន Nikkei និង Yomiuri Shimbun គណបក្ស LDP ប្រហែលជានឹងជួបឧសបគ្គច្រើន ដើម្បីរក្សាឱ្យបាននូវអាសនៈ ២៣៣នេះ៕
ប្រភព៖ AFP
មតិយោបល់