ព័ត៌មានជាតិ

បុរសម្នាក់ ចូលទៅម៉ាស្សា នៅហាងយីហោ «744 សម្បត្តិដៃទិព្វ» ស្រាប់បែកញើស និងកន្ត្រាក់ដៃជើង ស្លាប់ពេលទៅដល់ពេទ្យ

កណ្ដាលៈ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង០០នាទី ត្រង់ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីមនុស្សស្លាប់។

ជនរងគ្រោះឈ្មោះ ហេង ទីតូ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ដំណើររឿងហេតុ៖ នៅវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ បានចូលទៅម៉ាស្សា «យីហោ744 សម្បត្តិដៃទិព្វ» ស្ថិតនៅភូមិ-ឃុំកើតហេតុ ហើយឲ្យនារីម៉ាស្សាឲ្យ ពេលម៉ាស្សាបានបន្តិច ជនរងគ្រោះ បានឲ្យនារីម៉ាស្សា កោសខ្យល់ខាងមុខ ហើយក៏សំងំដេក ក្នុងបន្ទប់ ។ លុះដល់វេលាម៉ោង១៤.០០ នាទី ជនរងគ្រោះ មានសភាពឈឺក្បាល បែកញើស និងកន្ត្រាក់ដៃជើង ម្ចាស់ផ្ទះម៉ាស្សាហៅ PassApp ដឹកទៅមន្ទីរពេទ្យបង្អែកស្រុក ពេលទៅដល់មន្ទីរពេទ្យបង្អែក ជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ ។

ករណីនេះ សមត្ថកិច្ចជំនាញ ផ្នែកពិនិត្យហេតុស្រុក សហការជាមួយកម្លាំង ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រខេត្ត គ្រូពេទ្យក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមគ្រួសារសព បានពិនិត្យឃើញថា ក្បាល ដងខ្លួន និងអវៈយវ: ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

សន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយខ្យល់គ។

ក្រោយធ្វើកោសល្យវិច័យ និងកំណត់ហេតុរួច សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់