ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះលោក វេង ហ៊ត់ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ម្នាក់ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ប៉ុន្តែអនុវត្តទោសត្រឹម១ឆ្នាំក្នុងពន្ធនាគារ ទោសសល់ត្រូវព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន ៦លានរៀលចូលជាថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ វីតិក្រម ប្រព្រឹត្តនៅក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទមានឈ្មោះ អ៊ា សែ ភេទប្រុស អាយុ៤២ឆ្នាំ មានតួនាទីជា ប្រធានការិយាល័យ អូស្ត្រាលី ញូស្ហេឡង់ នៅនាយកដ្ឋានអាស៊ី២ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២៩០១៦កន្លងទៅ ជនជាប់ចោទឈ្មោះ អ៊ា សែ បាន សារភាពថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ខ្លួនពិតជាបានទទួលប្រាក់ពីឈ្មោះ ស្រីល័ក្ខ (ឈ្មោះអង្គភាពប្រឆាំងអំពើពុករលួយដាក់ឱ្យ) ជាអ្នករកស៊ីនាំខោអាវកីឡាពីបទេសមកលក់នៅស្រុកខ្មែរ និងជាដើមបណ្តឹង ចំនួន ១០០០ដុល្លារមែននៅថ្ងៃកើតហេតុ។ ជនជាប់ចោទបានបញ្ជាក់ថា លុយដែលខ្លួនទទួលពីឈ្មោះ ស្រីល័ក្ខនោះគឺ ស្រីល័ក្ខជាអ្នកដាក់ឱ្យនៅក្នុង សឺមី ដើម្បីយកទៅឱ្យលោក សុខ ខឿន ជាមេរបស់ខ្លួន ក្នុងការប្រថាប់ត្រាលើឯកសារ អនុញ្ញាតឱ្យឈ្មោះ ស្រីល័ក្ខ បើកដំណើរការរកស៊ីបាន។ ជនជាប់ចោទបានបន្តថា ខ្លួនមិនទាន់បានយកលុយទៅជូនលោក សុខ ខឿន ជាប្រធានផង ក៏ត្រូវបានសមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននៅថ្ងៃដដែលតែម្តង៕
មតិយោបល់