កណ្ដាលៈ យោងតាមគណនីយហ្វេសបុក ឈ្មោះ អ៊ាវ ចំរើន បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោកបានថ្លែងជម្រុញឲ្យអធិការនគរបាលស្រុកខ្សាច់កណ្ដាល ក៏ដូចជាអធិការនគរបាលក្រុង/ស្រុកចំនួន១០ទៀត ពិនិត្យទឹកនោមរកសារធាតុញៀនទៅលើមន្រ្ដីនគរបាលក្រោមឱវាទ ។
ក្នុងករណីរកឃើញមន្រ្ដីណាម្នាក់មានសារធាតុញៀន ត្រូវតែធ្វើសំណើរសុំកាត់ចេញពីក្របខ័ណ្ឌជាបន្ទាន់។ មួយវិញទៀតមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវខិតខំចុះតាមខ្នងផ្ទះ ដើម្បីធ្វើការទំនាក់ទំនងសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ ហើយត្រូវឲ្យលេខទូរស័ព្ទដល់ពួកគាត់ ទុកទំនាក់ទំនងរាយការណ៍ព័ត៌មាន ពេលយថាហេតុកើតឡើងចេញអន្ដរាគមន៍ទាន់ពេលវេលា។ ជាមួយគ្នានោះដែរ លោកបានក្រើនរំឮកដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ពិសេសលោកនាយការិយាល័យបុគ្គលិក ត្រូវពិនិត្យមើលអតីតភាពការងារមន្រ្ដីនគរបាលដែលមានសមត្ថភាព ដើម្បីរៀបចំស្នើរសុំតម្លើងឋានន្ដរស័ក្ដិនិងតួនាទីជូនពួកគាត់។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ដែលទទួលបានជ័យលាភីតែងតាំងមុខតំណែងនិងតម្លើងឋានន្ដរស័ក្ដិសរុប១០៩រូប ក្នុងនោះ ត្រូវបានតម្លើងឋានន្ដរស័ក្ដិមានចំនួន៨១រូប និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងចំនួន២៨រូបផងដែរ ៕

មតិយោបល់