ព័ត៌មានជាតិ

នគរបាល​ខេត្ត​កែប​និង​ខេត្តបាត់ដំបង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ឆបោក​ប្រាក់តាម​ប្រព័ន្ធ​វេ​លុយ​វី​ង​

​កំពតៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ដោយមាន​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា​អប​សលា​ដំបូង​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត​កែប បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ និង​ធ្វើ​ខិត​បញ្ជា​បេសកកម្ម​១​ច្បាប់​ចាត់តាំង​កម្លាំង ចំនួន​ ៥​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ កើត សាវុធ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដើម្បី​ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណី​ឆបោក​លុយ​តាម​ប្រព័ន្ធ​វី​ង​មួយកន្លែង​នៅ​ខាងលិច​ផ្សារ​ដំណាក់​ចង្អើរ ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប អស់​ទឹក​សរុប ៩៥០០$(​ប្រាំបួន​ពាន់​ប្រាំ​រយ​ដុល្លារ​អាមេរិក )​និង​៤,០០០,០០០៛(​បួន​លាន​រៀល​)​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​ វេលា​ចាប់ពី​ម៉ោង​៨​និង​០០​នាទី​ដល់​ម៉ោង​៨និង៤០​នាទី​ព្រឹក ។​

​ម្ចាស់​ភ្នាក់ងារ​ឈ្មោះ យស សុខន ភេទ​ប្រុស អាយុ​ ៣១​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​-​ក្រុង​ខាងលើ ។

ក្រោយពី​បើក​កិច្ចប្រតិបត្តិការ​ស្រា​វ​ជ្រាវ​ស៊ើបអង្កេត​រយៈពេល​(២​ថ្ងៃ​)​តាម​ភ្នាក់ងារ​វី​ង​វេ​លុយ​ទាំង​៦​ទីតាំង និង​មាន​ភស្តុតាង​បញ្ជាក់​រូបភាព​ជនសង្ស័យ​នៅក្នុង​វីដេអូ​តាម​កាមេរ៉ា​សុវត្ថិភាព​របស់​ភ្នាក់ងារ​វី​ង​នីមួយៗ​នៅ​ខេត្តបាត់ដំបង។ កម្លាំង​ជំនាញ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទាំងពីរ​ខេត្ត​(​កែប​និង​បាត់ដំបង​) កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​ឈ្មោះ សេង ភា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន ខេត្តបាត់ដំបង និង​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅវេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បំពេញ​នីតិវិធី ។​

​ផ្អែក​តាម​ចម្លើយសារភាព​ពី​ជនសង្ស័យ កម្លាំង​ក៏​បន្ត​តាម​ចាប់​បក្ខពួក​ដែលជា​មេខ្លោង​ដឹកនាំ​ប្រព្រឹត្ត​បទល្មើស​ករណី​ឆបោក​ខាងលើ​បាន​ម្នាក់ទៀត ឈ្មោះ ឈុន ពិសិដ្ឋ ភេទ​ប្រុស អាយុ ​២៨​ឆ្នាំ មុខរបរ​លក់ដូរ​គ្រឿង​រថយន្ត សព្វថ្ងៃ​រស់នៅ​ភូមិ​ចម្ការ​សំរោង​២ ឃុំ​ចម្ការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង នៅវេលា​ម៉ោង​៧​និង​០៥​នាទី​យប់​(​ថ្ងៃ​ដដែល​)​។​

ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​ បាន​ឆ្លើយ​ទទួលស្គាល់​ និង​សារភាពថា ខ្លួន​ពិតជា​បានធ្វើការ​លួច​ហែក​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ចំនួន​៣​អា​ខោ​ន កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ចាប់ពី​វេលា​ម៉ោង​៨​និង​០០​នាទី​ដល់​ម៉ោង​៨​និង​៤០​នាទី​ព្រឹក នៅ​ភូមិ​,​សង្កាត់ ក្រុង​ខាងលើ ដើម្បី​ឆាត​ឲ្យ​ភ្នាក់ងារ​វី​ង​ធ្វើការ​វេរ​លុយ​ឲ្យ​ខ្លួន និង​បាន​ដក​លុយ​ពី​ប្រព័ន្ធ​វី​ង​ចំនួន​ ៩,៥០០​ដុល្លារ និង​ប្រាក់រៀល​ចំនួន​៤,០០០,០០០​រៀល ប្រាកដ​មែន ។​

​ជនសង្ស័យត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី ៕

មតិយោបល់