ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្ស២នាក់រងរបួសធ្ងន់ ខណៈម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង សង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវ៩២ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1J-9144 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីត្បូងទៅជើង បត់ឆ្លងផ្លូវក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានម៉ូតូ១គ្រឿងទៀតម៉ាកណៃហ៊ត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-5155 បើកបរដោយបុរសម្នាក់ឈ្មោះ ចាន់ ភារ៉ាត់ ភេទប្រុស ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចគ្នា ហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនឹងម៉ូតូដែល ឆ្លងផ្លូវនោះពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំង២នាក់ ដោយម្នាក់បាក់ជើងខាងស្ដាំ និងម្នាក់ទៀតគ្រិចកដៃខាងឆ្វេង និងបែកក្រោមភ្នែកខាងឆ្វេង។
ភ្លាមនោះជនរងគ្រោះទាំង២ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពឃ្មួញដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ចំណែកឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងដឹកយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌសែនសុខ រងចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់