កំពង់ឆ្នាំងៈ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញ នៅចំណុចស្លាបកុក ថ្នល់ឈើទាល ស្ថិតក្នុងឃុំផ្លូវទូក និងព្រែកសាយ ជាប់ឡូត៍អភិរក្សបង្គោលកី ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា នៅតែមានបទល្មើសនេសាទកើតមានព្រោងព្រាត បានក្លាយទៅជាជំងឺមហារីកទៅហើយ ដែលគ្មានថ្នាំណាអាចព្យាបាលឲ្យជាដាច់បាននោះឡើយ។
ប្រជាពលរដ្ឋ ដែលមានមុខរបរជាអ្នកនេសាទលក្ខណៈគ្រួសារនៅតាមដងទន្លេ មានប្រតិកម្មទៅលើជំនាញជលផល ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ដែលមិនបានយកចិត្តទុកដាក់ និងខ្វាយខ្វល់ ចំពោះអនុសាសន៍៧ ចំណុចរបស់សម្ដេច ដែលហាមដាច់ខាតចំពោះការប្រើឧបករណ៍នេសាទខុសច្បាប់ មានដូចជារបាំងស្បៃមុង និងសាច់អួនក្រឡាញឹក និងឧបករណ៍ផ្សេងៗទៀត ដែលក្រុមជនល្មើសនៅតែប្រើប្រាស់ឧបករណ៍ស្បៃមុងរាប់សិបរបាំង និងកន្លែងផ្សេងៗដាក់ចាប់យកត្រីតាំងពីរដូវដំឡើង រហូតមកដល់ពេលនេះ។
សេចក្ដីរាយការណ៍ដដែលបានបន្ដថា នៅក្នុងខេត្តកំពង់ឆ្នាំង បទល្មើសនេសាទ ត្រូវគេមើលឃើញថា នៅតែកើតមានរាល់ឆ្នាំ ខណៈដែលការនេសាទប្រើឧបករណ៍ខុសច្បាប់ខាងលើនេះធ្វើឲ្យទិន្នផលត្រីបានធ្លាក់ចុះ ស្របពេលដែលក្រុមឈ្មួញនៅចាំឈរទិញត្រីតូចៗយកទៅធ្វើជាចំណីត្រីឆ្តោ។ នៅរដូវប្រាំង គឺចាប់ពីពាក់កណ្តាលខែតុលាទៅ ឧបករណ៍ល្មើសចម្រុះបានកើតឡើង មានរបាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹក អួនយ៉ាំងកាវ ឧបករណ៍ទាំងតូចទាំងធំនេះ កំពុងត្រូវបានក្រុមឈ្មួញ ដែលមានខ្នងបង្អែករត់ការជាមួយសមត្ថកិច្ចដើម្បីបានចុះធ្វើនៅពេលខាងមុខនេះផងដែរ។
សូមរំឭកថា កន្លងមករដ្ឋបាលជលផលកំពង់ឆ្នាំង ធ្លាប់បានប្រកាសក្តែងៗថា ខ្លួនកំពុងតែខិតខំអនុវត្តតាមអនុសាសន៍ ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដោយធ្វើការទប់ស្កាត់ និងបង្ក្រាបជាប្រចាំ ខណៈដែលគេសង្កេតឃើញមន្ត្រីជលផលខ្លះ បានចុះបង្ក្រាបរបាំងស្បៃមុងដែរ តែបើប្រៀបធៀបទៅនឹងផលិតផលនៃការបង្ក្រាបកន្លងមក គឺគេធ្វើបានតែប្រជានេសាទណាតូចតាចដែលមិនបានបង់ប្រាក់ឲ្យគេប៉ុណ្ណោះ។
ក្នុងនោះដែរ ប្រជាពលរដ្ឋស្នើសុំលោក អេង ជាសាន ប្រធានរដ្ឋបាលជលផល មេត្តាចុះពិនិត្យមើលដោយផ្ទាល់ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះមន្ត្រីជើងដប់ផង ដែលមិនបានអនុវត្តតាមប្រសាសន៍សម្ដេចតេជោ នាយករដ្ឋមន្ដ្រី៕




មតិយោបល់