កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទីយប់ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកបរិបូណ៌ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពីបទបើកបរក្រោមឥទ្ធិពលសារធាតុញៀន នៅចំណុចសាលាតាហាយ ស្ថិតក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យរួមមាន៖
១-ឈ្មោះ សៀង កុសល ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកទឹកកក រស់នៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
២-ឈ្មោះ រី គឹមសៀ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
៣- ឈ្មោះ ឌុក រ៉ាស៊ី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិល្បើក ឃុំខុនរ៉ង មានផ្ទុកសារធាតុញៀន។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០ ចំណុចផ្ទះឈ្មោះ សេង សូវៀត ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកបរិបូណ៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នុកទ្រូ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
១-ឈ្មោះ សេង សូវៀត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ។
២-ឈ្មោះ ប៊ុន សម្ផស្ស ហៅម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
បានដកហូតវត្ថុតាងមានថ្នាំញៀនចំនួន ៣កញ្ចប់តូច និងទូរស័ព្ទដៃចំនួន ២គ្រឿង ព្រមទាំងបានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕


មតិយោបល់