ព័ត៌មានជាតិ

រថយន្តកាមរីហាយប្រ៊ីត បើកបុកបង្គោលស្លាកលេខផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តកាមរីហាយប្រ៊ីត១គ្រឿង បោះពួយយ៉ាងលឿនដូចហោះ បានអក់ហ្សើជាមួយម៉ូតូ ដែលនៅខាងមុខ បណ្តាលឲ្យរថយន្តរេចង្កូត ទៅខាងស្តាំជ្រុលទៅបុកបង្គោលស្លាកលេខផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ រងការខូចខាត។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៣រំលងអធ្រាត្រថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងវិទ្យាល័យព្រះស៊ីសុវត្ថិ តាមបណ្តោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១៧៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់ បើកបររថយន្ត១គ្រឿង ម៉ាកកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7389 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងល្បឿយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើ បានអក់ហ្សើជាមួយម៉ូតូ ១គ្រឿង មិនចាំម៉ាក ធ្វើដំណើរនៅខាងមុខ ពេលនោះរថយន្តបង្ក ក៏ព្យាយាមកាច់ចង្កូតគេចពីម៉ូតូ ទៅខាងស្តាំដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្តជ្រុលឡើងទៅលើខឿនវេរគូទបោកនិងបង្គោលស្លាកលេខផ្លូវមួយដើមវៀច និងបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្តាលឲ្យបាក់ដែករងការខូចខាត។

ចំណែករថយន្តបង្ក បានខ្ទាតវិលជាច្រើនជុំ ចេញពីកន្លែងកើតហេតុប្រមាណ៥០ម៉ែត្រ រងការខូចខាតដាច់កង់ខាងក្រោយ ចំហៀងខាងស្តាំ និងក្រពឹតស្ទើរទាំងស្រុង។ ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានទាក់ទងហៅគ្នីគ្នា បើកយករថយន្តមួយគ្រឿងទៀត ជិះចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ទាក់ទងជំនាញឲ្យចុះមកធ្វើការវាស់ និងស្ទូចរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់