ព័ត៌មានជាតិ

សាហាវណាស់!! ប្លន់ស្ទីលថ្មីម៉ៅរថយន្ត ជិះពីបាត់ដំង ប៉ងរឹត.កសម្លាប់នៅភ្នំពេញ តែមិនសម្រេច

ភ្នំពេញៈ បុរសម្នាក់ បានដេកមួយភាំង ស្រាប់តែត្រូវជនសង្ស័យ ធ្វើសកម្មភាពយកលួសមករឹត.ក តែត្រូវគាត់ដឹងខ្លួនទាន់ ក៏ប្រតាយប្រតាប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើល ដោយជនសង្ស័យ បានយកទូរស័ព្ទ១គ្រឿងរបស់ជនរងគ្រោះ រួចរត់គេចបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុចមុខព្រលាន្តយន្តហោះពោធិ៍ជិនតុងថ្មី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ មុំ សាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ រត់ឡានតាក់ស៊ី មានស្រុកកំណើតភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

តាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យម្នាក់ បានតេទូរស័ព្ទមកជួលរថយន្តគាត់ ម៉ាកសាមយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-7909 យកដឹកបងប្អូនមកពីបរទេស នៅព្រលានហោះអន្តរៈជាតិពោធិ៍ជិនតុង ក្រុងភ្នំពេញ រយៈពេលបីថ្ងៃ ក្នុងតម្លៃ៨០ដុល្លារ ដោយចចាត្រូវគ្នា ជនរងគ្រោះក៏ព្រមមក ហើយបានធ្វើដំណើរពីខេត្តបាត់ដំបង នៅម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មកដល់មុខព្រលានយន្តហោះនៅម៉ោង៩យប់ថ្ងៃដដែល។

ប្រភពដដែលបន្តទៀតថា ដោយរូបគាត់ បានចតរថយន្ត ជាប់និងរបងព្រលាន្តហោះ ហើយក៏បានចុះពីរថយន្ត រួចសួរទៅជនសង្ស័យ ពួកគាត់មកដល់ឬនៅ ពេលនោះជនសង្ស័យឆ្លើយថា នៅទេ ពួកគាត់ដូរជើងហោះហើយ ដោយសារអស់កម្លាំងពេក គាត់ក៏បានដេកមួយភាំង ខណៈនោះ ស្រាប់តែលេចមុខ ជនសង្ស័យ យកលួសមករឹត.កគាត់ តែត្រូវបានគាត់ដឹងខ្លួនទាន់ រើបម្រាសប្រតាបប្រតប់គ្នា ដោយជនសង្ស័យ បានកាច់ឈើដែលជាប់និងខ្សែលួស មកចាក់ភ្លែកគាត់ បណ្ដាលឲ្យរងរបួសបោងមួយចំហៀង រួចធ្វើសកម្មភាពលួចទូរស័ព្ទដៃម៉ាក OPPO ១គ្រឿង ហើយ បើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ បានសួរនាំជនរងគ្រោះ រួចជូនគាត់ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៏រដ្ឋាបាលកាកាប២ ដើម្បីសាកសួរ និងស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរ បន្ទាប់ពីជនរងគ្រោះ ដាក់ពាក្យបណ្ដឹងរួចរាល់ សមត្ថកិច្ចបានឲ្យជនរងគ្រោះ ទៅព្យាបាលរងរបួសនៅមន្ទីពេទ្យ៕

មតិយោបល់