ព័ត៌មានជាតិ

បញ្ហាសមុទ្រចិនខាងត្បូង គឺកម្ពុជា មិនជាប់ពាក់ព័ន្ធ និងប្រកាន់ជំហរអព្យាក្រិត មិនកាន់ជើងភាគីណាមួយឡើយ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានដឹកនាំគណៈប្រតិភូ វិលត្រឡប់មកពីការចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ច ប្រជុំពាក់ព័ន្ធ វិញហើយ។ កិច្ចប្រជុំនោះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣-២៦ខែ កក្កដាឆ្នាំ២០១៦នៅទីក្រុងវៀងចន្ទប្រទេសឡាវ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធបានពិភាក្សាផ្តោតលើរបៀបវារៈមួយចំនួនរួមមាន-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩។- កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ី អាគ្នេយ៍គ្មាននុយក្លែអ៊ែ។-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស។- កិច្ចប្រជុំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស។- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក៣លើកទី១៧។- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី បូព៌ា លើកទី៦ និង-វេទិកា តំបន់អាស៊ានលើកទី២៣។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩និងកិច្ចប្រជុំពាក់ព័ន្ធមានគោលដៅពង្រឹងការកសាងសហគមន៍ អាស៊ាននិងតួនាទីស្នូលរបស់អាស៊ានក្នុងការវិវត្តនិម្មាបនកម្មតំបន់ ក៏ដូចជាការធ្វើឲ្យកាន់តែស៊ី ជម្រៅនូវកិច្ចសហប្រតិបត្តិការអា ស៊ានជាមួយដៃគូនិងមិត្តភក្តិដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថេរភាពនិង វិបុលភាពបន្ថែមទៀតក្នុងតំបន់និងក្រៅតំបន់។ ក្រៅពីការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានរដ្ឋមន្ត្រីការបរ ទេសកម្ពុជា គឺលោកប្រាក់សុខុន បានចូលរួមកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនរួមមាន -កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃគំនិត ផ្តួចផ្តើមមេគង្គក្រោមលើកទី៩។-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការមេគង្គ ជប៉ុន លើកទី៩។-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ- គង្គាលើកទី៧ និង-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ កូរ៉េលើកទី៦។

លោក ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយរដ្ឋ មន្ត្រីការបរទេសអាស៊ានដទៃទៀតនិងជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានដោយបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះបានពិភាក្សាលើបញ្ហា នយោបាយ បញ្ហាសន្តិសុខ ស្ថេរភាព ក្នុងក្របខណ្ឌអាស៊ាននិងប្រទេសជាដៃគូសន្ទនានិងជំរុញការខិតខំអនុវត្តចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ដើម្បីរួមចំណែកលើកស្ទួយសន្តិភាព វិបុលភាពក្នុងតំបន់និងមានកិច្ចប្រជុំ ជាមួយដៃគូ ចិន រុស្ស៊ី ជប៉ុន ឥណ្ឌា និងកូរ៉េ។ល។ដែលកិច្ចប្រជុំ បានដាក់ចេញនូវទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ល។

ជាមួយគ្នានោះដែរ លោក ជុំ សុន្ទរី បានមានប្រសាសន៍បញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំនោះដែរបានពិភាក្សាលើបញ្ហាសមុទ្រ ចិនខាងត្បូង បញ្ហារួមគ្នាប្រឆាំងអំពើភេរវកម្ម បញ្ហាគ្រោះមហន្តរាយជាដើម។

ទាក់ទងនិងបញ្ហាសមុទ្រចិនខាងត្បូង លោកបានមានប្រសាសន៍ថា មានការពិភាក្សលើ ការព្រួយបារម្ភពីការធ្វនាវាចរណ៍ និងការ ហោះហើរលើសមុទ្រចិនខាងត្បូងនិងការជំរុញការអនុវត្តឲ្យបានពេញលេញនូវ DOC និងឈានទៅ សំរេចបាននូវCOCឲ្យបានឆាប់ រហ័ស។

លោកបានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំនោះដែរ រដ្ឋមន្រ្តីក្រសួងការបរទេស ប្រាក់សុខុន បានបញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូង គឺកម្ពុជា មិនជាប់ពាក់ព័ន្ធនៅក្នុងជម្លោះនោះទេ ហើយកម្ពុជាប្រកាន់ជំហរអព្យាក្រិត មិនកាន់ជើងភាគីណាមួយឡើយ គឺជាជម្លោះរវាងហ្វីលីពីនជាមួយនិងចិន មិនពាក់ព័ន្ធ ជាមួយអាស៊ានទេ។កម្ពុជាលើកទឹកចិត្តភាគីពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូង ដោះស្រាយគ្នា ដោយសន្តិវិធី និងអនុវត្តទៅតាម ច្បាប់សមុទ្រអន្តរជាតិ។

លោកបញ្ជាក់ទៀតថាបញ្ហាសមុទ្រចិនខាងត្បូងត្រូវបាន លើកយកទៅជជែកនៅក្នុងកិច្ច ប្រជុំសំខាន់ៗ ហើយប្រទេសនីមួយៗបានលើកឡើងពីទស្សនផ្សេងៗគ្នាទាក់ទងនិងសមុទ្រចិនខាងត្បូង។

បញ្ហាសមុទ្រចិនខាងត្បូងមានស្ថានភាពតានតឹង តាំងពីហ្វីលីពីនបានប្តឹងទៅតុលាការមជ្ឈត្តកម្មអន្តរជាតិ ហើយនៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានបកស្រាយជំហររបស់ខ្លួនគឺកម្ពុជាមិនជាប់ពាក់ព័ន្ធក្នុងការទាមទារអធិបតេយ្យភាពសមុទ្រចិនខាងត្បូងទេ កម្ពុជានៅតែរក្សាជំហរអព្យាក្រិតដដែល។

ទាក់ទងនិងការសន្យាដែលប្រទេសចិនផ្តល់ជំនួយចំនួន៦០០លានដុល្លាមកកម្ពុជាគឺពុំមានពាក់ព័ន្ធដែលកម្ពុជាប្រកាសជំហរអព្យាក្រិតទាក់ ទងនិងជម្លោះសមុទ្រចិនខាងត្បូងទេ គឺជាការពិភាក្សាគ្នារវាងកម្ពុជា និងចិនដែលសន្យាផ្តល់ជំនួយ សម្រាប់ការកសាងនិងអភិវឌ្ឍ ប្រទេសកម្ពុជា ដែលជាកាផ្តល់ជំនួយដាច់ដោយឡែកពីគ្នា មិនពាក់ព័ន្ធជំហរកម្ពុជានិងសមុទ្រចិនខាងត្បូងឡើយ៕

មតិយោបល់