ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើករថយន្តស្លាកលេខរដ្ឋ បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ រួចដោះស្លាកលេខចេញ ខ្លាចអ្នកកាសែតផ្សាយ ដឹងដល់អង្គភាព

ភ្នំពេញ: បុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្ត១គ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពញទំហឹង បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៏ទី២៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរ និងបុរសម្នាក់ទៀត ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 06 2.0279 ធ្វើដំណើរពីជើងទៅត្បូងបោះពួយយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់២កង់ ចំណែករថយន្តបង្កបែកកង់មុខចំហៀងខាងឆ្វេង ទៅមុខលែងរួច។

ភ្លាមៗ ម្ចាស់រថយន្ត និងអ្នករួមដំណើរបុរសម្នាក់ទៀត បានទុករថយន្តចោល រួចគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូល បានមកដល់ រួចទាក់ទងជំនាញឲ្យចុះមកវាស់វែង និងស្ទូចរថយន្តបង្ក ទៅកាន់ការិយាល័យផ្លូវគោកស្នងការរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់