ព័ត៌មានជាតិ

កម្មករសំណង់ ០២នាក់ ឆ្លៀតជួញដូរថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់ជាប់

កណ្តាលៈ ជនសង្ស័យចំនួន ០២នាក់ ដែលជាកម្មករសំណង់ បានឆ្លៀតរកស៊ីជួញដូរថ្នាំញៀនទៀតនោះ ត្រូវបានសមត្ថកិច្ច ស្រុកពញាឮ ចាប់ជាប់ ខណៈទាំងពីរនាក់ខាងលើកំពុងចែកចាយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង៤០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ភូមិធម្មត្រ័យឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យចំនួន០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ១/-ឈ្មោះបុ៊ន សិរីវុត្ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិកើតហេតុ ។ ២/-ឈ្មោះវង់ ពិសិទ្ធ ហៅព្រិច ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិកើតហេតុខាងលើ។

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន២០កញ្ចប់តូច, ឧបករណ៍សំរាប់វេចខ្ចប់ និងប្រើប្រាស់មួយចំនួន, ដាវ០១ , កាំភ្លើងឆ្នៃ០១, ដែកកេះ១៦ និងស្នា០១។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើកំលាំងជំនាញបានទទួលព័ត៌មានថាមានជនសង្ស័យឈ្មោះខាងលើកំពុងតែចែកចាយថ្នាំញៀននៅចំណុចកើតហេតុ។ ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញបានទៅដល់កន្លែងកើតហេតុ បង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ចំណែកបក្សពួកមួយចំនួនទៀត បានរត់គេចខ្លួនបន្ទាប់មកកម្លាំងសមត្ថកិច្ចបានសហការណ៍ជាមួយកម្លាំងបុ៉ស្តិនិងក្រុមប្រឹក្សាឃុំព្រមទាំងមេភូមិបានធ្វើការឆែកឆេរនៅកន្លែងកើតហេតុបានវត្ថុតាងដូចខាងលើរួចមកបញ្ជូនជនសង្ស័យនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនិតិវិធី៕

មតិយោបល់