បាត់ដំបងៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ) ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី នៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធទៅនឹង ករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) ដែលមានឈ្មោះ ស៊ិន គឹមសំ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នផ្ទះជួល ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង។
សម្ភារៈដកហូតរួមមាន៖
– ទូរសព្ទដៃចំនួន ២គ្រឿង
– ប្រាក់វៀតណាម ចំនួន ៦៥០០ដុង
ដំណើររឿង៖ នៅចន្លោះវេលាម៉ោង ១០និង០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់វេលាម៉ោង ៦និង០០នាទី
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីអំពើលួចមានស្ថានទម្ងន់ទោស មួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជនរងគ្រោះ ឈ្មោះ លេង ធីចាង ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង។
សម្ភារៈបាត់បង់រួមមាន៖
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក ដែលមានឈ្មោះជនរងគ្រោះ
– ទូរសព្ទដៃម៉ាក iphone 11 ប្រូ ពណ៌ទឹកមាស ១គ្រឿង ដែលមានស៊ីមលេខ 096 444444 72
– ទូរសព្ទម៉ាក iphone x ដែលមាន លេខស៊ីម 069 83 38 38
– ប្រាក់ដុល្លារចំនួន ៣០០ដុល្លារ
– ប្រាក់វៀតណាមចំនួន ១២,០០០,០០០ដុង
បច្ចុប្បន្នជនសង្ស័យការិយាល័យជំនាញកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្ត៕
មតិយោបល់