បន្ទាយមានជ័យៈ សត្វអណ្តើកប្រមាណជាង១០០ក្បាលត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យរឹបអូសក្រោយពីរថយន្តកាមរីមួយគ្រឿងបានក្រឡាប់ផ្ងារជើងជាច្រើនត្រឡប់។
សត្វអណ្តើកដែលបានរឹបអូសពីឈ្មួញ ក្រោយក្រឡាប់រថយន្តនេះ ធ្វើឡើងនៅម៉ោងជាង៤ល្ងាចថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៦បន្ទាប់ពីមានករណីក្រឡាប់រថយន្តនៅចំនុចកំណាត់ផ្លូវជាតិលេខ៥ក្នុងភូមិសុរិយាថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបាននិយាយឲ្យអង្គភាពpost newsដឹងថា អណ្តើកគ្រប់ប្រភេទ ទាំងតូច ទាំងធំ ដែលរឹបបានមានចំនួន១២៣ក្បាលស្មើនឹង២៨១គីឡូក្រាម។បច្ចុប្បន្នកំពុងរក្សាទុកនៅស្នងការខេត្តដើម្បីរងចាំផ្ទេរប្រគល់ជូនដល់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើនាថ្ងៃស្អែក។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា អណ្តើកទាំងនេះត្រូវបានឈ្មួញលួចនាំចូលមកពីប្រទេសថៃតាមច្រករបៀងក្នុងក្រុងប៉ោយប៉ែតហើយដឹកជញ្ជូននាំយកទៅលក់នៅក្នុងរាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តដឹកសត្វអណ្តើកនៅមុនពេលដឹកគឺបើកយ៉ាងលឿនហាក់ដូចជាភ័យស្លន់ស្លោរ ហាក់ដូចកំពុងបើករត់គេចពីការដេញតាមប្រម៉ាញ់របស់សមត្ថកិច្ចណាមួយអីចឹង។តែចៃដន្យអាក្រក់រថយន្តនោះបានក្រឡាប់ធ្លាក់ផ្លូវជាច្រើនត្រឡប់តែសំណាងល្អអ្នកបើកបរអត់មានគ្រោះថ្នាក់ធ្ងន់ធ្ងរហើយបានរត់គេចខ្លួនដោយសុវត្ថិភាព។ក្រោយក្រឡាប់មួយសន្ទុះទើបសមត្ថកិច្ចនគរបាលមកដល់ហើយធ្វើការប្រមូលយកសត្វអណ្តើកនិងស្ទួចយករថយន្តមករក្សាទុកនៅស្នងការខេត្ត៕













មតិយោបល់