ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ សម្ដីកូនស្រីជនរងគ្រោះ៖ «រឿងដែលខ្ញុំតែងតែបារម្ភ វាក៏បានកើតទ្បើង សូមឲ្យវត្ថុស័ក្តិសិទ្ធិទាំងទ្បាយតាមថែរក្សាប៉ាខ្ញុំផង!»

កំពត: គ្រាន់តែទទួលដំណឹងថា ឪពុកជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាម កូនស្រីជនរងគ្រោះ ភ័យផងយំផង ទាំងអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ដោយបារម្ភពីស្ថានភាពអ្នកមានគុណ មិនដឹងទៅជាយ៉ាងណា បានត្រឹមតែបួងសួងឲ្យវត្ថុស័ក្ដិសិទ្ធិ តាមថែរក្សាឲ្យឪពុកខ្លួន រួចផុតពីគ្រោះថ្នាក់ទាំងទ្បើយ។

ដោយនាងបានសរសេរសារបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក នៅលើគណនីយផ្ទាល់ខ្លួនឈ្មោះ ហេង ចាន់ណាវី ថា៖ «រឿងដែលខ្ញុំតែងតែបារម្ភ វាក៏បានកើតទ្បើង សូមឲ្យវត្ថុស័ក្តិសិទ្ធិទាំងទ្បាយតាមថែរក្សាប៉ាខ្ញុំផង!»។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតទ្បើងកាលពីម៉ោង៣ និង២០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចគល់ស្ពានកំពង់បាយ ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ជនរងគ្រោះឈ្មោះ ហេង ហាក់ឡៃ ភេទប្រុស អាយុ៥០ឆ្នាំ មានតួនាទី មន្ត្រីនគរបាលចរាចរណ៍ រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ រងរបួសធ្ងន់ (បាក់ឆ្អឹងជំនីរ ៩)។ ចំណែកអ្នកបើកបររថយន្តបង្ក ឈ្មោះ ជៀម ភក្តី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្រាំងលាវ ឃុំថ្នល់ដាច់ ស្រុកបាទី ខេត្តតាកែវ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ កំពុងតែឈរសម្រួលចរាចរណ៍ដល់អ្នកដំណើរតាមផ្លូវ ដើម្បីបញ្ចៀសការកកស្ទះ ខណ:នោះ ស្រាប់តែមានរថយន្តដឹកដី១គ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-4825 បានបើកយ៉ាងលឿន បុករះរថយន្តពីរគ្រឿង និងកិនលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ សន្លប់បាត់មាត់ឈឹង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម។

ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ឡើយ ព្យាយាមបើករត់ តែត្រូវពលរដ្ឋ និងសមត្ថកិច្ចស្ទាក់ចាប់ជាប់។

បច្ចុប្បន្នអ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការនគរបានខេត្ត ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់