ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿងភាគខ្មែរ២ ប្រជែងគ្នាបើកឆាកនៅ PNN

ភ្នំពេញៈ យោងតាមប្រកាសរបស់ទូរទស្សន៍ភីអិនអិន ក្នុងខែកញ្ញាខាងមុខខ្សែភាពយន្តភាគខ្មែរចំនួន២នឹងត្រូវប្រជែងគ្នាក្នុងពេលតែមួយនៅក្នុងម៉ោងមាសរបស់ស្ថាប័នមួយនេះ។ វត្តមានរបស់រឿងភាគខ្មែរទាំងពីរត្រូវបានបង្ហាញភាគច្រើនកត់សម្គាល់ និងទន្ទឹងរង់ចាំ ដោយសារតែរឿងទាំងពីរនោះសុទ្ធតែជារឿងភាគខ្មែរដំបូងដែលត្រូវបានប្រកាសវិនិយោគដោយទឹកប្រាក់ច្រើនម៉ឺនដុល្លារខុសពីរឿងភាគខ្មែរកន្លងមក និងជារឿងដែលត្រូវបាន PNN ប្រកាសថាបានប្រើឧបករណ៍ថតកុនកម្រិតស្ដង់ដារ។

ខ្សែរឿងភាគទាំងពីរនោះរួមមានរឿង «ម្ទេសហិរ ប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាមបេះដូង!» ដោយតាមការទម្លាយចេញគឺការដាក់បញ្ចាំងផ្លូវការ នឹងត្រូវបើកឆាកនៅអំឡុងខែកញ្ញានេះហើយ។ នេះជាការឆ្លើយតបទៅកាន់មហាជន និងក្រុមអ្នកសារព័ត៌មានដែលចង់ដឹងពីសន្ទុះរបស់រឿងទាំងពីរ ដោយសារតែរឿងទាំងពីរត្រូវបានទូរទស្សន៍ PNN វិនិយោគឲ្យខ្លាំងជាងបណ្ដារឿងភាគខ្មែរដែលត្រូវបានរិះគន់ថាការសម្ដែង និងការផលិតគឺមានចំណុចខ្វះចន្លោះ។ រឿង«ម្ទេសហិរ ប៉ះអំបិលប្រៃ» គឺជាប្រភេទមនោសញ្ចេតនា លាយឡំដោយភាពកំប្លុកកំប្លែង និងកាច់កុងគ្នារវាងកូនប្រសា និងម្តាយក្មេក ដែលស្នាដៃនេះត្រូវបានផលិតដោយ លោក លៀក លីដា ផលិតករអិលឌីភិចឆ័រ (LD Picture) និងជារឿងដែលPNN បានតម្រូវឲ្យផលិតកម្មមួយនេះ នាំចូលសុទ្ធតែសម្ភារៈផលិតកុនប្រភេទខ្ពស់ ដោយសារតែPNNហ៊ានចំណាយថ្លៃឲ្យខ្ពស់ជាងបណ្ដាទូរទស្សន៍ផ្សេងទៀត។

រឿងនេះ និយាយពីមនោសញ្ចេតនារបស់ប្តីប្រពន្ធវ័យក្មេងមួយគូ ដែលមានភាពចម្រូងចម្រាស់ ដោយសារការមិនយល់ចិត្តរបស់ម្តាយក្មេក និងជាស្រ្តីដែលពោរពេញដោយគំនិតបញ្ច្រាសទិស ធ្វើឲ្យផ្ទៃរឿងមានបញ្ហាមិនចេះចប់។ រឿងនេះត្រូវបានប្រកាសថា បានផ្ដល់គំនិតធំៗដូចជា បានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរវាងកូនប្រសារស្រី និងម្ដាយក្មេក ដើម្បីឲ្យមានអធ្យាស្រ័យគ្នានៅក្រោមដំបូលតែមួយ។ រឿងនេះ សម្ដែងដោយ កញ្ញាម៉ាក់ សែនសូនីតា លោក អេវីន កញ្ញាទឹម រដ្ឋា អ្នកនាង គ្រត លោក ជាសំណាង និងតារាសម្ដែងល្បីឈ្មោះជាច្រើនទៀត។

ដោយឡែកសម្រាប់រឿង«សង្គ្រាមបេះដូង» ជាការវិនិយោគរបស់ផលិតកម្មខ្មែរមេគង្គ(KMF) ជាមួយPNN ដោយទុនក្នុងការផលិត និងការតម្រូវឲ្យប្រើប្រាស់សម្ភារៈថតគឺរឹតតែធ្វើឲ្យមានការចាប់អារម្មណ៍។ រឿងនេះសម្ដែងដោយលោកហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឃីង សុរិយា កញ្ញា ឡាយ សម្ផស្ស លោក សាវិន ហ្វីលីព និងតារាល្បីៗផ្សេងទៀត។ រឿងនេះ និយាយពីស្នេហាមួយ ដែលតួឯកស្រីត្រូវបង្ខំចិត្តរៀបការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់ជាថ្នូរនឹងប្រាក់ព្រោះតែម្ដាយ ហើយក៏ជួបចំណោទបញ្ហាមិនចេះមិនចេះហើយ។ នេះជារឿងដែលមានការចាប់អារម្មណ៍តាំងពីពេលក្រុងពាលី អ៊ីចឹងហើយទើបគ្រាន់តែមានដំណឹងថាការដាក់ផ្សាយផ្លូវការនឹងត្រូវចាប់ផ្ដើមនៅអំឡុងខែកញ្ញា គឺធ្វើឲ្យម្នាក់ៗទន្ទឹងចាំ។

កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងផ្នែកកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន បានអះអាងថា រឿងទាំងពីរពិតជារឿងដែលបានចំណាយទុនផលិតខ្ពស់ និងបានប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើបដែលអាចនិយាយថាមិនខុសគ្នានឹងការផលិតរឿងភាគរបស់ប្រទេសជិតខាងឡើយ។ កញ្ញាថាការចំណាយដ៏ខ្ពស់នេះ មិនរំពឹងថាការដាក់បញ្ចាំងរឿងទាំងពីរនឹងទទួលបានផលចំណេញ ឬរួចខ្លួនពីការដាក់បញ្ចាំងនោះទេ ប៉ុន្តែមកពីPNN ចង់ផលិតរឿងមួយកុំឲ្យមានការរិះគន់ ទើបសម្រេចចិត្តបោះទុន។ ក្នុងនោះសាច់រឿងក៏បានឆ្លុះបញ្ចាំងពីស្ថានភាពសង្គមខ្មែរពិតៗ ដោយសាច់រឿងទាំងមូលបានតម្រូវមិនឲ្យអូសបន្លាយប្លង់ ឬសាច់រឿង បណ្ដាលឲ្យមានការធុញទ្រាន់នោះឡើយ។ កញ្ញាថា PNN នឹងមិនផលិតខ្សែរឿងភាគខ្មែរដោយមិនគិតពីគុណភាព ឬស្ដង់ដារប្រកួតប្រជែងនោះទេ ដោយសារតែPNN ក៏មានបំណងចង់បានការកោតសរសើរនូវរាល់កម្មវិធី និងការផលិតរឿងដែលគ្រោងរំលេចខ្លួន។ យ៉ាងណាក៏ដោយ កញ្ញាបញ្ជាក់ថា ខ្សែរឿង«ម្ទេសហិរ អំបិលប្រៃ» និងរឿង«សង្គ្រាមបេះដូង» នៅមិនទាន់ច្បាស់ថានឹងត្រូវចាក់ផ្សាយនៅថ្ងៃណាឲ្យប្រាកដនៅឡើយទេ នៅក្នុងខែកញ្ញានេះ៕

photo_2016-07-27_22-59-25photo_2016-07-27_22-59-43photo_2016-07-27_22-59-40photo_2016-07-27_22-59-36photo_2016-07-27_22-59-33photo_2016-07-27_22-59-31photo_2016-07-27_22-59-29

មតិយោបល់