ព័ត៌មានជាតិ

Update៖ ផ្អើលឈូឆរ! អគ្គិភ័យឆេះរោងចក្រផលិតគាវយីហោ «វៃយ៍ជូចំកាត់» របស់មន្ត្រីកងរាជអាវុធហត្ថម្នាក់ នៅខណ្ឌទួលគោក

ភ្នំពេញ: រោងចក្រផលិតគាវយីហោ «វៃយ៍ជូចំកាត់» ត្រូវបានអគ្គិភ័យឆាបឆេះ រងការខូចខាតអស់មួយបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចេញរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចរោងចក្រផលិតគាវយីហោ វៃយ៍ជូចំកាត់ ស្ថិតតាមបណ្តោយផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ម្ចាស់ទីតាំងឈ្មោះ ហួរ សុខហេង ភេទប្រុស អាយុ៥៣ ឆ្នាំ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ ប្រភេទសំណង់៖ ឃ្លាំងថ្មបេតុង ប្រក់ស័ង្កសីទំហំ១៥ម៉ែត្រ x ២៥ម៉ែត្រ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ ដួង វ៉ាន់ណេត អាយុ៣៤ឆ្នាំ ជាសន្តិសុខយាមកាមនៅក្នុងរោងចក្រកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ ក្នុងរោងចក្រមិនមានកម្មករ ឬបុគ្គលិកធ្វើការនោះទេ គឺមានតែគាត់ និងបុរសជាសន្តិសុខម្នាក់ទៀត ដែលនៅយាមកាមតែប៉ុណ្ណោះ។

នៅមុនពេលកើតហេតុ ពួកគាត់បាននាំគ្នាទៅដេកក្បែរបន្ទប់បុគ្គលិកធ្វើការ ខាងមុខបន្ទប់កើតហេតុ លុះដល់វេលាកើតហេតុ គាត់បានធំក្លិនឈ្ងៀម ក៏ងើបមកមើលស្រាប់តែឃើញ មានអណ្ដាតភ្លើង កំពុងតែឆាបឆេះចេញពីក្នុងបន្ទប់កើតហេតុយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះពួកគាត់ ក៏ប្រញាប់ប្រញាល់រត់ទៅបើកទ្វារចេញ ទៅខាងក្រៅ និងស្រែកឲ្យគេជួយ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង នាំគ្នាចេញមកទាញទុយោទឹក បាញ់ពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកអន្តរាគមន៍។

ហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៧គ្រឿង ចុះមកអន្តរាគមន៍ បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៣គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ មិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ ដោយឆេះតែបន្ទប់សម្រាប់បុគ្គលិកធ្វើការ ដែលមានទំហំប្រមាណ១០x៦ម៉ែត្រ និងសម្ភារ:មួយចំនួន ដែលនៅខាងក្នុង ខូតខាតអស់ទាំងស្រុង។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

មតិយោបល់