ភ្នំពេញៈ កាលពីវេលាម៉ោង ១១ និង ៥០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ១០៦ កែងផ្លូវលេខ១០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហ្វតកៀរតាក់ស៊ី បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ទារថ្លៃជួសជុល៥០០ដុល្លារ តែមិនសម្រេច ជជែកគ្នាបែកផ្សែង ព្រោះយកត្រូវរាងខ្លួន។
រថយន្តទី១ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-2988 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណឡើយ។ ចំណែករថយន្ត ១គ្រឿងទៀត ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 2A- 0162 បើកដោយបុរសម្នាក់។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរីខាងលើ បានចតនៅចិញ្ចើមផ្លូវកន្លែងកើតហេតុ ខណៈនោះស្រាប់តែមានរថយន្តហ្វត បានធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវ មកដល់ចំណុចកើតហេតុ បានកៀររថយន្តកាមរី បណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ភ្លាមៗ នោះម្ចាស់រថយន្តទាំងសងខាង បានចរចាគ្នា ដោយជជែកយកត្រូវរៀងៗខ្លួន ភាគីរថយន្តហ្វតថា រថយន្តកាមរី បើកកៀររថយន្តគាត់ ចំណែកភាគីរថយន្តកាមរីថា រថយន្តហ្វត បើកកៀររថយន្តខ្លួន។
ក្នុងនោះផងដែរភាគីខាងរថយន្តហ្វត សុំឲ្យម្ចាស់រថយន្តកាមរី ចេញថ្លៃជួសជុលរថយន្តខ្លួនចំនួន ៥០០ដុល្លារ តែត្រូវម្ចាស់រថយន្តកាមរី បដិសេធដោយសំអាងថា ភាគីរថយន្តហ្វតជាអ្នកបង្ក រឿងអីឲ្យគាត់ចេញថ្លៃជួសជុលនោះ។
ក្រោយកើតហេតុ ដោយសម្របសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមកដល់កន្លែង ក៏ធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សារទុកនៅការិយាល័យចរាចរណ៍រាជាធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕















មតិយោបល់