ព័ត៌មានជាតិ

មន្រ្តីជំនាញរកឃើញទំនិញចម្រុះ ហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងមានលាយសារធាតុគីមីហាមឃាត់

ភ្នំពេញ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា តាមរយ:ប្រតិបត្តិការត្រួតពិនិត្យអនុលោមភាព នៃទំនិញរបស់មន្ត្រីស៊ើបអង្កេត ក.ប.ប. ស្ថិតនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្រុកបន្ទាយអំពិលនិងក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រុកស្អាង ខេត្តកណ្តាល ស្រុកតំបែរនិងក្រុងសួង ខេត្តត្បូងឃ្មុំ និងភូមិសាស្ត្ររាជធានីភ្នំពេញ មន្ត្រីជំនាញ ក.ប.ប.បានអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ក្នុងការត្រួតពិនិត្យទំនិញដែលចរាចរលក់នៅលើទីផ្សារ ដោយជាក់ស្តែង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើការត្រួតពិនិត្យតាមបណ្តាផ្សារ ម៉ាត ផ្ទះលក់ទំនិញ ឃ្លាំងស្តុកទំនិញ ។ល។

ដោយបានរកឃើញ និងដកហូតទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព មានលាយសារធាតុគីមីហាមឃាត់ សរុបចំនួន ៩២.៩៥គីឡូក្រាម យកមករក្សាទុកដើម្បីរៀបចំនីតិវិធីកម្ទេចចោល ។

ទន្ទឹមនឹងនោះ មន្ត្រីបានធ្វើការផ្សព្វផ្សាយប្រកាសលេខ ០០៦៤ ព.ណ អ.កបប.ប្រក ចុះថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ ស្តីពីលក្ខខណ្ឌតម្រូវលើការចែកចាយគ្រឿងសម្អាង ដល់អាជីវក តាំងលក់ផលិតផលទាំងនេះឱ្យមានការយល់ដឹង និងអនុលោមទៅតាមបទប្បញ្ញត្តិជាធរមាន ។

យ៉ាងណាមិញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ មន្រ្តីស៊ើបអង្កេត ក.ប.ប ខេត្តបាត់ដំបង បានសហការត្រួតពិនិត្យ និងដុតកម្ទេចចោលគ្រឿងក្នុងជ្រូក ខូចគុណភាពចំនួន ៦០០ គីឡូក្រាម ដែលមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកម្រៀង ស្ទាក់ចាប់បានស្ថិតនៅ ឃុំអូរដារ ស្រុកកម្រៀង ខេត្តបាត់ដំបង ដោយមានការសម្របសម្រួល និងបញ្ជាផ្ទាល់ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ៕

មតិយោបល់