ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលា អាយុជាង ១០ឆ្នាំ ២នាក់ ត្រូវរថយន្តដឹកអុសបុកស្លាប់ និងរបួសស្រាល

ក្រចេះ: នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៥នាទីព្រឹក ស្ថិតតាមបណ្ដោយផ្លូវលំក្រាលគ្រួសក្រហម ជាប់របងវត្តជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកកង់ ។

រថយន្តកែឆ្នៃ ពណ៌ត្រួយចេក គ្មានស្លាកលេខ (ដឹកអុស) បើកបរដោយឈ្មោះ លេត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ធ្វើដំណើរតាមបណ្តោយផ្លូវក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុខាងលើ បានបុកកង់ពណ៌ស្វាយជិះដោយឈ្មោះ ខន ណាវី ភេទស្រី អាយុ ១២ឆ្នាំរងរបួសស្រាល ជនជាតិខ្មែរ(សិស្ស) មានទីលំនៅ ភូមិស្ទឹងធំ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តចេះ ឌុបឈ្មោះ​ ហុង រតនា ភេទស្រី អាយុ ១០ឆ្នាំ(ស្លាប់) ជនជាតិខ្មែរ(សិស្ស) មានទីលំនៅភូមិជ្រោយអំពិល១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ធ្វើដំណើរចេញពីវិទ្យាល័យចំបក់ (ផ្លូវចំហៀងវត្តជ្រោយអំពិល) ក្នុងទិសដៅពីកើតទៅលិច(ឆ្លងផ្លូវ)។

មូលហេតុ៖ ក្មេងស្រីទាំង ២ជិះកង់ឆ្លងផ្លូវ ពេលឃើញរថយន្តឈ្មោះ ខន ណាវី លោតចុះរុញកង់ទៅមុខ បណ្ដាលឲ្យឈ្មោះ ហុង រតនា
ត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបរ ចុះរត់គេចបាត់ស្រមោល រីឯវត្ថុតាង ត្រូវសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចំបក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ចំពោះប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់