ព័ត៌មានជាតិ

គុកមួយជីវិត! ស្រី្តម្នាក់ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត ករណីសម្លាប់មិត្តភក្តិកាត់កង់ៗ ញាត់ធុងទឹកកក

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការប្រកាស សាលក្រមសំណុំរឿងស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិកាត់កង់ៗ ញាត់ធុងទឹកកក និងយកទៅចោលក្នុងទន្លេ នៅខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី ។
ជនជាប់ចោទឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ ៣៥ឆ្នាំ។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ជនជាប់ចោទបានប្រព្រឹត្តបទល្មើស កាត់ស្រ្តីរងគ្រោះជាកង់ៗ ដាក់ក្នុងទូរទឹកកក ខណៈជនរងគ្រោះទៅទារបំណុល ស្ថិតត្រង់ចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលនេះតុលាការសម្រេចផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគារអស់មួយជីវិតពីបទ ឃាតកម្មគិតទុកមុន តាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ និង សងសំណងរដ្ឋប្បវេណីទៅឲ្យជនរងគ្រោះ ១២០លានរៀល។

សូមបញ្ជាក់ផងដែរថា ជនជាប់ចោទត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ និងឃាត់ខ្លួនកាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដឹងរបស់កូនស្រីជនរងគ្រោះ ដែលបានបាត់ម្តាយតាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ជនជាប់ចោទឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះដូចការចោទប្រកាន់របស់តុលាការប្រាកដមែន។

មូលហេតុ៖ ព្រោះតែខឹងជនរងគ្រោះទៅទារបំណុលចំនួនទឹកប្រាក់ ៧០០ដុល្លារ៕

មតិយោបល់