ព័ត៌មានជាតិ

គ្រាន់តែមើលមុខគ្នាវ៉ៃកាត់ស៊យឆ្នាំចាស់ កុំឲ្យផ្លាស់ចូលឆ្នាំថ្មីទាន់ ចាប់ចូលប៉ុស្តិ៍ទាំង ២នាក់

ភ្នំពេញ: បុរស២នាក់ជាអ្នករត់ម៉ូតូកង់បី ទឹកចិត្តអង់អាចក្លាហាន ប្រហែលខ្លាទៅហើយ ចេះនាំគ្នារកប៉ុស្តិ៍ប៉ូលិសឃើញ បន្ទាប់ពីផ្ទុះហិង្សាប្រើដោយកម្លាំងបាយ បណ្តាលឲ្យរបួសរៀងខ្លួន ផ្តើមចេញពីបើកម៉ូតូកង់បីផ្សេងគ្នាសោះ ជាប់ជួនក្រសែភ្នែកបាញ់ចម្រកគ្នា បែរជាម្ខាងចោទថាឌឺម្ខាង ចុះស្ទុះវឹង បញ្ចេញកម្លាំងបាយវ៉ៃប្រ៉ាវ កុំឲ្យឆ្លងចូលឆ្នាំថ្មីទាន់ ផ្អើលអស់ពលរដ្ឋ សមត្ថកិច្ច ចាប់ឃាត់នាំយកទៅអប់រំនៅប៉ុស្តិ៍ កាលពីវេលាម៉ោង ៦ព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងទាំងហួសចិត្តថា អស់ទាស់តែម្តងហើយ ដោយសារការមិនយល់យោគគ្នា ចិត្តខ្លាំងជាងខ្លា បុរស ២នាក់ខាងលើ បើកម៉ូតូកង់បី ផ្សេងគ្នាសោះ ហើយនៅវេលាម៉ោងកើតហេតុ ម៉ូតូកង់បីមួយគ្រឿង បើកទៅត្រង់មានមួយគ្រឿងទៀត បត់ឆ្លងផ្លូវ គាប់ជួន បុរសទាំង២ ភ្នែកក្រឡេកឆេះ គ្រាន់តែក្រសែភ្នែកបាញ់ចំគ្នាកើតជាកំហឹង ខឹងម្ខាងចោទម្ខាងថាឌឺ ឈប់ម៉ូតូរៀងៗខ្លួន ម្ខាងទាញបានកូនសោ ម្ខាងទាញបាន បន្ទះម្នាងសិលា បើកឆាកប្រកួត ស៊ីសាច់ហុតឈាម បណ្តាលឲ្យភាគីម្ខាងបែកក្បាលហូរឈាមកក្លាក់ ម្ខាងពកក្បាល គ្រាន់ទៅផ្ទះវិញទុកបង្អួតម៉ែប្រពន្ធ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋរឹតតែទ្រូង មិននឹកស្មានដល់ សមត្ថកិច្ចចុះឃាត់នាំយកទៅអប់រំ សម្របសម្រួលនៅប៉ុស្តិ៍គោកឃ្លាង ។

ក្រោយពីនាំទៅដល់ប៉ុស្តិ៍ ភាគីទាំង២ ក្រោមវត្តមាន មន្ត្រីនគរបាលប៉ុស្តិ៍ ភាគីខាងអត់បែកក្បាល សុខចិត្តជួយចេញ ៤០ដុល្លារ ថ្លៃថ្នាំព្យាបាល ឯកភាពគ្នាដើម្បីបញ្ចប់រឿង ៕

មតិយោបល់