ព័ត៌មានជាតិ

សិស្សសាលាម្នាក់ក្នុងចំណោម២នាក់ ជិះម៉ូតូឆក់ទូរស័ព្ទ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២​ និង ៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ពាក់ព័ន្ធករណីលួចឆក់ទូរស័ព្ទ ត្រង់ចំណុចមុខផ្ទះសំណាក់សុភមង្គល ផ្ទះលេខ៨អឺ ផ្លូវលេខ៥១ ស្ថិតភូមិទី៧ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លី តាន់ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅផ្ទះ២១៣ ផ្លូវលំ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IC-7271 របស់ជនសង្ស័យ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិ បរទេសស្បែកស (មិនបានដាក់ពាក្យបណ្តឹង)។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះជាមួយប្រពន្ធបានជិះម៉ូតូរឺម៉កកង់បី តាមបណ្តោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង ពេលជិះមកដល់ចំណុចខាងលើស្រាប់តែជនសង្ស័យនិងបក្ខពួកម្នាក់ទៀត អាយុប្រហែល ១៧ឆ្នាំ បានជិះម៉ូតូពីក្រោយ ហើយជនសង្ស័យឈ្មោះ លី តាន ដែលជាអ្នកបើកម៉ូតូបានបើកទៅអែបខាងឆ្វេងជនរងគ្រោះ បន្ទាប់មកបក្ខពួកជនសង្ស័យដែលអង្គុយពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីដៃជនរងគ្រោះបានសំរេចហើយជនរងគ្រោះក៏ស្រែកឆោឡោ ខណៈនោះជនសង្ស័យភ័យជិះម៉ូតូគេចខ្លួន តែត្រូវកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងល្បាតឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះលី តាន រួមជាមួយម៉ូតូជិះធ្វើសកម្មភាពយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១តែម្តង រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះបន្ទាប់ពីដណ្តើមទូរស័ព្ទដៃវិញបាន ក៏ជិះម៉ូតូរឺម៉កកង់បីបន្តទៅមុខបាត់ដោយពុំដាក់ពាក្យបណ្តឹង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរ កត់កំនត់ហេតុ ដើម្បីស្រាវជ្រាវរកបក្ខមកចាត់ការតាមនីតិវិធី៕

មតិយោបល់