ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តម៉ាស្តា បុកម៉ូតូ២គ្រឿង បណ្តាលឲ្យរងការខូចខាត និងរបួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយមិត្តភក្តិ ជាជនជាតិចិនដូចគ្នា បានបើករថយន្ត១គ្រឿង បុកម៉ូតូពីរគ្រឿង បណ្ដាលឲ្យរងការខូចខាត និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី ២ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៨២ ត្រង់ចំណុចក្បែរនឹងស្តុបផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ រួមអ្នកដំណើរជាមួយគ្នា៣នាក់ទៀត
ជាជនជាតិដូចគ្នា បានបើករថយន្ត ១គ្រឿងម៉ាកស្តារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8318 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវ១៤២ ចេញពីស្តុបអូតែលស
ទៅផ្សារទំនើបសូរិយា។

លុះមកដល់ចំណុចកើតហេតុ មិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ បាត់ដំបង 1G-6673 ធ្វើដំណើរតាមបណ្តោយផ្លូវ៦៧ ពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកម៉ូតូ ដួលបោកក្បាលសន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ និងខូចខាតម៉ូតូតិចតួច ភ្លាមៗនោះ រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវទេ ក៏បើករត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ រួមទាំងប្រជាពលរដ្ឋនាំគ្នា ដេញតាមពីក្រោយ រហូតដល់ផ្លូវ១៨២ ត្រង់ចំណុចខាងលិចប្រមាណជា ៥០ម៉ែត្រ ក៏មកបុកអូសម៉ូតូ១គ្រឿងទៀត ម៉ាកស៊ុយសុគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-7381 បណ្តាលឲ្យគាបជាប់ នៅក្រោមរថយន្តទៅមុខលែងរួច ហើយក៏ត្រូវប្រជាពលរដ្ឋខឹងសម្បារ នាំគ្នាវាយបែកកញ្ចក់រថយន្តបង្ក បណ្ដាលឲ្យបែកក្បាលអ្នកបើករថយន្តជនជាតិចិនម្នាក់ ហើយខណ:នោះ សមត្ថកិច្ចក៏បានធ្វើការឃាត់អ្នកបើកបរ រួមនឹងអ្នករួមដំណើរ យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដេប៉ូ១។

ដោយទ្បែកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មី ដឹកយកទៅព្យាបាលបាត់ទៅ។

ក្រោយកើតហេតុ រថយន្តបង្ក រួមនឹងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើការវាសវែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕

មតិយោបល់